រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ សប្បាយរីករាយ ពេលឃើញស្រូវប្រមាណ ១ ម៉ឺនហិចតា នៅស្រុកឯកភ្នំ សង្គ្រោះបាន ១០០% បន្ទាប់ពីជំនន់ទឹកស្ទឹងសង្កែ បានស្រក

  • 3.1ពាន់
  • ដោយ Sotheavy

ព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានចុះស្ថានភាពការសាងសង់គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន និងស្ថានភាពស្រូវបងប្អូនប្រជាពលរដ្ឋ នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ក្នុងការពិនិត្យស្ថានភាពនេះការអញ្ជើញចូលរួមពី លោក ប៉ោ ទ្រីឌឿន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក ឡុង ផលគុណ ប្រធាមន្ទីរធនធានទឹកខេត្ត លោក ម៉ិល សុផល អភិបាល នៃគណៈអភិបាលស្រុកឯកភ្នំ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានសម្តែងនូវការសប្បាយរីករាយបន្ទាប់ពីពិនិត្យស្ថានភាពស្រូវរបស់បងប្អូនដែលរស់នៅស្រុកឯកភ្នំ ដែលពីមុនជួបរងគ្រោះរាំងស្ងួត ប៉ុន្តែក្រោយពីមានទឹកជំនន់ស្ទឹងសង្កែរួចមក ស្រូវទូទាំងស្រុកឯកភ្នំបានជួយសង្គ្រោះ ១០០% ។

លោក ម៉ិល សុផល អភិបាល នៃគណៈអភិបាលស្រុកឯកភ្នំបានឱ្យដឹងថា កាលដែលទឹកស្ទឹងសង្កែមិនទាន់ឡើងជន់ នៅទីនេះមានបញ្ហាគ្រោះរាំងស្ងួត និងទទួលបានកញ្ចប់ថវិកាពីគណៈកម្មាធិការគ្រោះមន្តរាយថ្នាក់ជាតិផង ពីឯកឧត្តមអភិបាលខេត្តផង និងបានថវិកាពីក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកឯកភ្នំ រួមទាំងមន្ទីរធនធានទឹកខេត្ត យើងបានធ្វើបូមទឹកសង្គ្រោះស្រូវបងប្អូនប្រជាពលរដ្ឋ ដែលជួបបញ្ហាធ្ងន់ធ្ងរនៅទីនេះ។

លោកអភិបាលស្រុកបានបញ្ចាក់ទៀតថា នៅពេលទឹកស្ទឹងសង្កែឡើងដូចក្នុងកំរិតដែលយើងបានឃើញនេះ គឺមានទឹកគ្រប់គ្រាន់សម្រាប់ធ្វើការស្រាចស្រោបជួយសង្គ្រោះស្រូវប្រមាណជាង ១ ម៉ឺនហិចតា ទូទាំងស្រុកឯកភ្នំ ប៉ុន្តែប្រសិនបើដូចឆ្នាំ២០១៧ ស្ថានភាពទឹកស្ទឹងសង្កែមានការកើនឡើងខ្លាំង ទឹកទន្លេឡើងមកដែរ ហើយស្រូវកំពុងទុំធ្វើឱ្យលិចខូចខាតអស់មិនអាចប្រមូលផលបាន ។

ក្នុងឱកាសនេះលោក ម៉ិល សុផល បានឱ្យដឹងទៀតថា គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ដែលចំណងដៃរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការស្ថានាបានចំនួន ៥០% និងគ្រោងបញ្ចប់គម្រោងនៅក្នុងអំឡុងឆ្នាំ២០២១រួចនឹងអាចស្រាចស្រោបស្រូវបងប្អូនប្រជាពលរដ្ឋទូទាំងស្រុកបានដោយសារមានប្រឡាយដូនទាវ និងប្រឡាយស្នោ យកទឹកពីស្ទឹងសង្កែទាំងសងខាងនៃស្ទឹងមកស្រាចស្រោបបាន និងមានគម្រោងរៀបចំប្រឡាយតូចៗបន្ថែមទៀត ដើម្បីជួយដាំដុះដំណាំនៅរដូវប្រាំងមួយចំនួនដូចជា អាចដាំដុះពោត ត្រសក់ និងបន្លែបង្ការមួយចំនួនទៀតផងដែរ៕

អត្ថបទទាក់ទង