នាព្រឹកថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញ ដើម្បីបន្តប្រកបរបរ បន្ទាប់ពីធ្វើដំណើរមកស្រុកកំណើតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលទីតាំងចំណតនៅឯផ្សារទំនើប ភួ ពុយ។
ដោយឡែកប្រជាពលរដ្ឋដែលបានធ្វើដំណើរទៅមកលើផ្លូវជាតិលេខ៥ពីភ្នំពេញ-បាត់ដំបង និងបាត់ដំបង-ភ្នំពេញបានបង្ហាញអារម្មណ៍សប្បាយរីករាយក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់រថយន្តក្រុងឱ្យពួកគាត់ជិះទៅមកដោយមិនបង់ប្រាក់ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ។
គួរបញ្ជាក់ផងដែរថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់រថយន្តក្រុងជាង៦០០គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដែលមានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ដោយជិះមិនបង់ប្រាក់ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ហើយសម្រាប់ខេត្តបាត់ដំបងមានរថយន្តចំនួន៨០គ្រឿងសម្រាប់ដឹកជញ្ជូនបងប្អូនកម្មករ និយោជិក និងប្រជាពលរដ្ឋទៅមកភ្នំពេញ-បាត់ដំបង និងពីបាត់ដំបង-ភ្នំពេញ ។