នៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងសហការី បានអញ្ជើញប្រគល់ផ្ទះ មនុស្សធម៌ ១ខ្នង ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជូនដល់ លោក ឈួន យ៉ន អាយុ៥៧ឆ្នាំមានជំងឺរ៉ាំរ៉ៃ និងមានកូនប្រុសពិការភាព មានជីវភាពក្រីក្រខ្លាំង និងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៥០គ្រួសារមកពីភូមិចំនួន៧ ក្នុងឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
លោក ញឹក សារ៉ែន អភិបាលស្រុកនិងជាប្រធានអនុសាខាក្រុងបាត់ដំបង បានឲ្យដឹងថាក្រុមគ្រួសារ លោក ឈួន យ៉ន មានជីវភាពទ័លក្រ មានជំងឺប្រចាំកាយ និងមានកូនពិការភាព ហើយ ផ្ទះចាស់មានសភាពចាស់ទ្រុឌទ្រោម ធ្លុះធ្លាយលិចពិបាកក្នុងការរស់នៅ ក្រៅពី ទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន គ្រួសារលោកក៏ទទួលបានការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈប័ណ្ណសមធម៌ផងដែរ ។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បាននាំយកប្រសាសន៍ផ្តាំផ្ញើពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបានចូលរួមត្រេកអរចំពោះលោក ឈួន យ៉ន ដែលទទួលបានទីជម្រកថ្មីដ៏សែនកក់ក្ដៅសម្រាប់ជ្រកកោនតទៅ ដើម្បីបានជាជម្រក បានជាម្លប់ដ៏កក់ក្តៅតរៀងទៅ។
សូមបញ្ជាក់ថា ផ្ទះលេខរៀងទី១៥ ដែលជាអំណោយរបស់សាខាខេត្តខាងលើនេះ ចំណាយថវិកា ៥.៥៥០ដុល្លារ (ប្រាំពាន់ប្រាំរយហាសិបដុល្លារអាមេរិក) មានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់តិ៍ ក្រាលការ៉ូ ដំបូលប្រក់សង្ក័សី មានបន្ទប់ទឹកមួយក្រោយផ្ទះតយ៉ាបខាងមុខ២.៥ម៉ត្រ ផងដែរ។
ជាកិច្ចឆ្លើយតប លោក ឈួន យ៉ន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម សុខ លូ អភិបាល ខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរពីសុខទុក្ខ និងលើកទឹកចិត្ត ព្រមទាំងបានផ្តល់ថវិកាសម្រាប់ការរៀនសូត្របន្ត និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា សម្តេចទាំងទ្វេ និងក្រុមគ្រួសារ សូមទទួលបាននូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានផ្តល់ជូន អំណោយ សម្រាប់សង្កត់ផ្ទះរួមមាន ៖ អង្ករ ១០០គីឡូក្រាម, មី២កេស,ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ត្រីខ២យួរ, ទឹកបរិសុទ្ធ៤កេស និងថវិកា៤០ម៉ឺនរៀល ដោយឡែកគ្រួសារងាយរងគ្រោះមានជនចាស់ជរា ជនមានពិការភាព និងគ្រួសារក្រីក្រ មកពី៧ភូមិក្នុងឃុំហប់ចំនួន ៥០គ្រួសារ ដោយមួយគ្រួសារទទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកបរិសុទ្ធ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ផងដែរ ។