នៅរសៀលថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានការអញ្ជើញចូលរួម ដោយ លោក អភិបាលរង នៃគណៈអភិបាលខេត្ត លោក អភិបាល ក្រុង ស្រុក លោក ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងអ្នកពាក់ព័ន្ធផ្សេងទៀត កិច្ចប្រជុំនេះធ្វើឡើងនៅឯសាលប្រជុំអគារE សាលាខេត្តបាត់ដំបង។
បន្ទាប់ពីស្ដាប់របាយការណ៍អំពីលទ្ធផលការងារប្រចាំខែ រាយការណ៍ដោយ លោក ធូ ភា អភិបាលរងខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានមានប្រសាសន៍ ណែនាំឱ្យលោក អភិបាលក្រុង ស្រុក កងកម្លាំងទាំងបីបន្តនីតិវិធី និងបន្តការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររបស់ខ្លួន ឱ្យបានកាន់តែល្អប្រសើរ ។
បន្ថែមពីនេះឯកឧត្តម ក៏បានប្រជុំពិភាក្សា និងណែនាំនូវការងារចាំបាច់មួយចំនួនដែលរដ្ឋបាលខេត្តត្រៀម រៀបចំជាបន្តបន្ទាប់ដើម្បីឱ្យការអនុវត្តមានភាពរលូនល្អប្រសើរ
ដែលប្រជុំពិភាក្សាលើការងាររៀបចំវេទិការាជរដ្ឋាភិបាល និងការរៀបចំប្រារព្ធព្រះរាជពិធីថ្វាយព្រះពរជ័យសិរីមង្គលថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះបរមរាជវរោកាសនៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិគម្រប់ ២០ ព្រះវស្សាដែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៤ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ២០២៤ និងពិធីបុណ្យអកអំបុក (ដាល់អំបុក) សំពះព្រះខែ ក៏មានការត្រៀមនឹងរៀបចំប្រារព្ធឡើងផងដែរ ដើម្បីថែរក្សាប្រពៃណី ទំនៀមទម្លាប់ខ្មែរ និងបង្កភាពសប្បាយរីករាយដល់ ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នាពេលខាងមុខ។
ដោយឡែកនៅចុងឆ្នាំ២០២៤ នេះរដ្ឋបាលខេត្តបាត់ដំបងក៏មានរៀបចំពិធីបុណ្យ និងព្រឹត្តិការណ៍សំខាន់ៗជាច្រើនដូចជាព្រឹត្តិការណ៍កីឡារត់ពាក់កណ្ដាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌ ដែលប្រារព្ធធ្វើឡើងក្នុងខេត្តបាត់ដំបងនាពេលខាងមុខ នេះព្រមទាំង ពិធីបុណ្យឆ្លងឆ្នាំសកល ២០២៤-២០២៥ និងតាំងពិរព័រណ៍ម្ហូបអាហារ ក្នុងន័យដើម្បីទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាខេត្តបាត់ដំបងកាន់តែច្រើន បង្ហាញពីសក្តានុពល ក៏ដូចជាផ្សព្វផ្សាយពីមុខម្ហូបដ៏សម្បូរបែបរបស់អ្នកបាត់ដំបង ទៅកាន់ភ្ញៀវទេសចរ ឱ្យបានស្គាល់កាន់តែច្រើន។