នារសៀលថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាត្រៀមរៀបចំការងារ សម្របសម្រួលគាំទ្ររបស់រដ្ឋបាលថ្នាក់ក្រោមជាតិដល់សកម្មភាពការងារចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តបាត់ដំបង នៅឯសាលប្រជុំអគារEសាលាខេត្តបាត់ដំបង។
កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យសកម្មភាពការងារកន្លងមក និង បញ្ហាប្រឈមនានាក្នុងការងារចុះមូលដ្ឋាន នៅថ្នាក់ក្រោមជាតិ និងការអនុវត្តតួនាទីភារកិច្ចចុះមូលដ្ឋាន ដើម្បីបូកសរុបវាយតម្លៃ ដកពិសោធន៍និង ធ្វើការដោះស្រាយបញ្ហាប្រឈមនានា ឱ្យបានសមស្របពង្រឹង និងលើកកម្ពស់ការអនុវត្តតួនាទីភារកិច្ច ឱ្យកាន់តែមានប្រសិទ្ធភាព។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ មានប្រសាសន៍ថា ការងារក្នុងមូលដ្ឋានតាមបណ្តាលក្រុងស្រុកទាំងអស់នៃខេត្តបាត់ដំបងយើង សូមឲ្យតំណាងរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ឲ្យមែនទែន ធ្វើយ៉ាងណាស្វែងរកនូវបញ្ហាប្រឈមនានា ដែលជាគន្លឹះនាំទៅរកដំណោះស្រាយ ដើម្បីឆ្លើយតបឲ្យកាន់តែមានប្រសិទ្ធភាព។ ម្យ៉ាងវិញទៀត គ្រប់សកម្មភាពការងារទាំងអស់ ត្រូវតែមានការតាមដានឲ្យបានច្បាស់លាស់ និងរាយការណ៍បន្តឲ្យភាពលឿនរហ័ស ដើម្បីបានផ្សព្វផ្សាយបន្ត ហើយបើមានបញ្ហាប្រឈមអាចដោះស្រាយបានភ្លាមៗ។