រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ ដឹកនាំកិច្ចប្រជុំពិភាក្សា និងគោលការណ៍សំណើសុំរុះរើ អគារក្រហម និងផ្ទះពីល្វែង នៃសាខាធនាគារជាតិនៃកម្ពុជាខេត្តបាត់ដំបង ។

  • 2.1ពាន់
  • ដោយ Sotheavy


នៅថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំពិភាក្សា និងគោលការណ៍សំណើសុំរុះរើ អគារក្រហម និងផ្ទះពីល្វែង នៃសាខាធនាគារជាតិនៃកម្ពុជាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីលោកនាយក នាយករងរដ្ឋបាលខេត្ត លោកប្រធានសាខាធនាគារនៃកម្ពុជាខេត្ត លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត លោកអភិបាលក្រុង មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួន ។

ក្រោយពីទទួលបានលិខិតស្នើសុំគោលការណ៍រុះរើ អគារក្រហម និងផ្ទះពីរល្វែង នៃសាខាធនាគារជាតិនៃកម្ពុជាខេត្តបាត់ដំបង ដែលមានទីតាំងស្ថិតលើផ្លូវលេខ៣ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

លោក ឡាយ សំអៀន នាយកសាខាធនាគារជាតិនៃកម្ពុជាខេត្តបាត់ដំបង បានឱ្យលើកឡើងថា អគាររបស់សាខាធនាគារជាតិនៃកម្ពុជាខេត្តបាត់ដំបង មិនអាចឆ្លើយតបទៅនឹងទំហំការងាររយៈពេល ២-៣ ឆ្នាំខាងមុខទៀត ហើយអគារធ្វើការបច្ចុប្បន្ននេះ(អគារលឿង) នឹងត្រូវរៀបចមប្រើប្រាស់ជាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុវិញ ។

លោក ឡាយ សំអៀន បន្តទៀតថា ស្របតាមតម្រូវការនៃការប្រើប្រាស់របស់ធនាគារជាតិសាខាខេត្តបាត់ដំបង ការវិវត្តន៍បច្ចេកវិទ្យាធនាគារ ការរីកចម្រើនវិស័យធនាគារព្រមទាំងសុវត្ថិភាពឃ្លាំងប្រាក់ និងការគ្រប់គ្រងធនបត្រផងដែរ។ លោកបានបន្ថែមទៀតថា អគារធនាគារដែលសាងសង់ថ្មីនេះនឹងប្រើប្រាស់ធនាគារតំបន់ សម្រាប់គ្រប់គ្រង និងចែកចាយសាច់ប្រាក់ សម្រាប់ខេត្តប៉ៃលិន បន្ទាយមានជ័យ សៀមរាប និងខេត្តពោធិ៍សាត់ផងដែរ ។

លោក សឿម ប៊ុនរិទ្ធិ បានឡើងថា ចំពោះគម្រោងសាងសង់អគារថ្មីធនាគារជាតិនៃគម្ពុជាខេត្តបាត់ដំបង ក្នុងនាម ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងក្នុងនាមរដ្ឋបាលខេត្ត សូមធ្វើការគាំទ្រ ចំពោះគម្រោងសាងសង់នេះផងដែរ ដើម្បីចូលលរួមលើកសោភ័ណ្ឌភាពខេត្ត និងមានសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ ។

លោក សឿម ប៊ុនរិទ្ធិ បានបន្តទៀថា បើទោះបីជារដ្ឋបាលខេត្តគាំទ្រគម្រោងសាងសង់អគារធនាគារជាតិនៃកម្ពុជាថ្មីក៏ពិតមែន ប៉ុន្តែរដ្ឋបាលខេត្តមិនទាន់អនុញ្ញាត្តឱ្យការសាងសង់នេះទេ ដោយរង់ចាំការឯកភាពពីប្រមុខរាជរដ្ឋាភិបាលជាមុនសិន ពីព្រោះអគារនេះជាអគារដែលមានភាពវ័យចំណាស់ផងដែរ៕

អត្ថបទទាក់ទង