រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពូជស្រូវមិនប្រកាន់រដូវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន

  • 196
  • ដោយ teavvisal

នៅព្រឹកថ្ងៃចន្ទ ៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការដាំដុះដំណាំស្រូវ ក្រោយរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង និងក្រោយពេលដែលទទួលបានគ្រាប់ពូជស្រូវពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការស្ដារលទ្ធភាពឡើងវិញសម្រាប់ប្រជាកសិករដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងកន្លងមក ហើយកំពុងដុះលូតលាស់បានយ៉ាងល្អប្រសើរស្ទើរតែ១០០% ដោយការចុះធ្វើការវាយតម្លៃនេះ គឺធ្វើការចុះវាយតម្លៃនៅភូមិសាស្រ្ដចំនួនពីរផ្សេងគ្នា គឺនៅស្រុកថ្មគោល ស្ថិតក្នុងឃុំអន្លង់រុន និងស្រុកបវេល ស្ថិតក្នុងឃុំព្រៃខ្ពស់ ។
បើតាមលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ខេត្តបាត់ដំបងទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលបណ្ដាលឱ្យប៉ះពាល់ផ្ទៃដីដុះស្រុវសរុប ៤៥,០១៥ហិកតា ផ្ទៃដីដែលខូចខាតមានចំនួន ២៦,៨០៥ហិកតា លើគ្រួសារសរុបប្រមាណជាង២ម៉ឺនគ្រួសារ ហើយគ្រួសារដែលខូចខាតស្រូវមានចំនួន ១២ ៤៥៤គ្រួសារ ដោយឡែកផ្ទៃដីដែលអាចធ្វើការស្ដារឡើងវិញបានសរុប ១២ ៤៥៤ហិកតា ត្រូវបានប្រើប្រាស់គ្រាប់ពូជចំនួន ១ ២៤៥តោន និង៤០០គីឡូក្រាមដែលរហូតមកដល់ពេលនេះ គ្រាប់ពូជទាំងនោះបានធ្វើការដាំដុះលូតលាស់បានយ៉ាងល្អប្រសើរស្ទើរតែ១០០%ហើយ ខណៈប្រភពទឹកមានភាពគ្រប់គ្រាន់ និងធ្វើការប្រមូលផលបានឆាប់ៗនាពេលខាងមុខនេះ ។
ប្រជាកសិករដែលបានទទួលបានពូជស្រូវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានផ្ដល់ជាពូជស្រូវដល់ប្រជាកសិករ ក្នុងការស្ដារលទ្ធភាពឡើងវិញ បន្ទាប់ពីរងការខូចខាតដោយសារទឹកជំនន់កន្លងមក ហើយបានធ្វើឱ្យដំណាំស្រូវមានការលូតលាស់បានយ៉ាងល្អប្រសើរ និងត្រៀមក្នុងការប្រមូលផលនាពេលឆាប់ៗខាងមុខនេះ ។
ក្នុងនាមជាប្រជាកសិករទូទាំងខេត្តបាត់ដំបងទាំងអស់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគុណូបការៈដែលមិនអាចកាត់ថ្លៃបានរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្ដេចតែងតែយកអស់កម្លាំងកាយចិត្ត និងបានយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនាពេលនេះ ហើយអំណោយដ៏ថ្លៃថ្លានេះបានជួយដល់ប្រជាកសិករដែលរងគ្រោះដោយសារទឹកជំនន់កន្លងមក អាចធ្វើការស្ដារលទ្ធភាពឡើងវិញបានទាន់ពេលវេលាផងដែរ ៕

អត្ថបទទាក់ទង