រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង

  • 214
  • ដោយ Admin

ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែកុម្ភៈ ឆ្នាំ២០២២នៅរសៀលថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង និងក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីអភិបាលក្រុងស្រុកទាំង១៤ក្នុងខេត្ត លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្ដីរាជការសាលាខេត្តដែលពាក់ព័ន្ធមួយចំនួនទៀត ។ បន្ទាប់ពីធ្វើការរាយការណ៍អំពីលទ្ធផលការងារដែលបានសម្រេចប្រចាំខែកន្លងមកនេះ ឯកឧត្តម សុខ លូ បានមានប្រសាសន៍សង្កត់ធ្ងន់ទៅលើបញ្ហាការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីចៀសវាងការឆ្លងជាសហគមន៍ធ្ងន់ធ្ងរនូវជំងឺកូវីដ-១៩ ពិសេសកូវីដ-១៩ប្រភេទអូមីក្រុង ដូចនេះត្រូវពន្លឿនការចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។ ឯកឧត្តមបានធ្វើការណែនាំដល់អភិបាលក្រុងស្រុកទាំង១៤ក្នុងខេត្ត ត្រូវធ្វើយុទ្ធនាការចុះអប់រំផ្សព្វផ្សាយសុខភាព ដើម្បីរួមគ្នាទប់ស្កាត់ និងបង្កាការចម្លងវីរុសកូវីដ-១៩ ជាពិសេសពពួកបំប្លែងថ្មី អូមីក្រុង តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវធ្វើការរៀបចំឧបករណ៍រំពងសម្លេងនៅតាមម៉ូតូ ឬរថយន្ត ឬមធ្យោបាយធ្វើដំណើរផ្សេងៗ ហើយត្រូវធ្វើការចុះផ្សព្វផ្សាយគ្រប់គោលដៅនៅក្នុងភូមិ ឃុំ សង្កាត់តែម្ដង ។ ឯកឧត្តម បានធ្វើការណែនាំដល់អភិបាលក្រុង ស្រុកទាំង១៤ ធ្វើការរៀបចំវេទិកាសាធារណៈ នៅតាមភូមិ ឃុំ សង្កាត់របស់ខ្លួន និងត្រូវលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យហ៊ានបញ្ចេញមតិយោបល់របស់ខ្លួន ចំពោះបញ្ហាដែលខ្លួនជួបប្រទះ ដោយមិនត្រូវភ័យខ្លាចឡើយ ដើម្បីយកធ្វើការកែតម្រូវ ពង្រឹងផ្នែកបម្រើសេវាសាធារណៈ និងអាចធ្វើការដោះស្រាយបានជូនភ្លាមៗ ក្នុងករណីដែលអាចដោះស្រាយបាន។ ក្នុងនោះឯកឧត្តម បានធ្វើការណែនាំដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដើម្បីពិនិត្យមើលចាត់ចែងចំពោះជនវិកលចរិក ជនមានសតិបញ្ញាមិនប្រក្រតី ឬជនអាណាថា ជនញៀនថ្នាំ ដែលកំពុងតែអាណាធិបតេយ្យនៅក្នុងក្រុង ហើយត្រូវយកពួកគាត់ទៅព្យាបាល ឬបញ្ជូនគាត់ទៅកន្លែងដែលមានសុវត្ថិភាពដល់ពួកគាត់ ដោយមិនអាចធ្វើការបណ្ដែតបណ្ដោយឲ្យមានជនទាំងនេះ បង្កភាពអាណាធិបតេយ្យនៅតាមទីសាធារណៈឡើយ ៕

អត្ថបទទាក់ទង