រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញចុះពិនិត្យភូមិសាស្ត្រជាក់ស្តែងក្នុងការបិទខ្ទប់ និងការអនុវត្តវិធានការផ្សេងៗ ក្នុងភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង ដែលមានករណីផ្ទុះជំងឺកូវីដ-១៩

  • 1.8ពាន់
  • ដោយ Admin

នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចុះពិនិត្យទីតាំងភូមិសាស្ត្រជាក់ស្តែងក្នងការបិទខ្ទប់  និងការអនុវត្តវិធានការផ្សេងៗទៀត ក្នុងភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង ដែលមានអញ្ជើញចូលរួមពីលោកស្នងការនគរបាលខេត្ត លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងអាជ្ញាធរស្រុកជាច្រើនរូបទៀត ។

នៅក្នុងដំណើរការចុះពិនិត្យទីតាំងផ្ទុះកូវីដ-១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងប្រធានគណៈបញ្ជាការកងឯកភាព បានណែនាំដល់អាជ្ញាធរស្រុកដឹកនាំកម្លាំងប្រជាការពារយាមផ្ទះបងប្អូនប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័កក្នុងមណ្ឌល និងមើលថែគោរបស់ពួកគាត់ដែរ ពីព្រោះខ្លាចមានជនខិលខូចឆ្លៀតឱកាសលួច ឬគាស់ផ្ទះសម្តែងរបស់ពួកគាត់ ។

ឯកឧត្តម អភិបាលខេត្ត បានបន្តទៀត អាជ្ញាធរស្រុកត្រូវរៀបចំផ្សារចល័តលក់ម្ហូប អាហារ ក្នុងមួយថ្ងៃ ២ពេល (ម៉ោង៨ ព្រឹកមួយពេល និងម៉ោង ៣រសៀលមួយពេល) ហើយត្រូវបិទខ្ទប់ឱ្យជាប់មិនឱ្យប្រពលរដ្ឋធ្វើចរាចរណ៍ឆ្លងកាត់ភូមិ លើកលែងតែឡានដឹកទិញប៉ុណ្ណោះ។

សូមជម្រាបជូនថា ក្នុងភូមិខ្នាចអំពរ អាជ្ញាធរបានធ្វើការបិទខ្ទប់ ចំនួន ៩៦ខ្នងផ្ទះ តាមបណ្តលផ្លូវក្នុងភូមិប្រវែងប្រមាណជាង ២គីឡូម៉ែត្រ ដែលមានមនុស្សរាយក្នុងមួយខ្នងផ្ទះប្រមាណ ៥ ទៅ ៧ នាក់ (មនុស្សរាយប្រមាណ ៥៧៦នាក់) មិនអនុញ្ញត្តឱ្យចេញក្រៅផ្ទះ ។ ហើយចំពោះប្រជាពលរដ្ឋក្រីក្ររកព្រឹកខ្វះល្ងាចដែលមានប្រមាណ ១០ គ្រួសារ រដ្ឋបាលខេត្ត និងឧបត្ថម្ភជាស្បៀងអាហារសម្រាប់ពួកគាត់ក្នុងការដោះស្រាយជីវភាពក្នុងមួយកំរិតផងដែរ។

បើយោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបានបង្ហាញថា ការយកសំណាករបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ ដែលមានការប្រាស័យទាក់ទងដោយប្រយោល និងដោយផ្ទាល់ជាបុគ្គលជាបើកឡានដឹកម្នាស់មានផ្ទុះជំងឺកូវី ១៩ នាថ្ងៃនេះមានចំនួន ៥៣ នាក់ ហើយជាលទ្ធផលអវិជ្ជាមានទាំង ៥៣នាក់ផងដែរ ហើយបើគិតតាំងម្សិលមិញមានចំនួន ១០៦ នាក់ អវិជ្ជាមាន ១០១ នាក់ និង ៥នាក់ទៀតរង់ចាំលទ្ធផល៕

អត្ថបទទាក់ទង