(បាត់ដំបង) ÷ ឯកឧត្តមអភិបាលខេត្តបាត់ដំបងបានអនុញាតិឲ្យគណ:ប្រតិភូក្រុងជង់ស៊ុងហ្គាន់ ខេត្តជុងសានប៊ុកនៃសាធារណ:រដ្ឋកូរ៉េចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នាព្រឹកថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិ ព.ស ២៥៦២ ត្រូវថ្ងៃទី២០ខែកុម្ភ:ឆ្នាំ២០១៩ នៅសាលាខេត្ត។
បន្ទាប់ពីមានការណែនាំបានស្គាល់រវាងភាគីទាំងពីររួចមក ឯកឧត្តម ងួន រតនៈ មានប្រសាសន៍ស្វាគមន៍ដល់ប្រធានប្រតិភូកូរ៉េដឹកនាំដោយ លោក យន់ ឃ្យុងហេ អភិបាលក្រុងជង់សុងហ្គាន់ ដោយបានបញ្ជាក់ពីសក្តានុពលរបស់ខេត្តបាត់ដំបងកន្លងមករហូតដល់បច្ចុប្បន្ន។
លោក យន់ ឃ្យុងហេ អភិបាលក្រុងជង់សុងហ្គាន់ បានថ្លែងអំណរគុណចំពោះរដ្ឋបាលបាត់ដំបង ដែលបានទទួលយ៉ាងកក់ក្តៅ ជាមួយគ្នានោះ តំណាងឲ្យគុណៈប្រតិភូក្រុងជង់សុងហ្គាន់ បានជម្រាបជូនអង្គប្រជុំអំពីគោលបំណងនៃដំណើរទស្សនកិច្ច និងការពិភាក្សាការងាររបស់គណៈប្រតិភូនាពេលនេះ។
ឆ្លងតាមកិច្ចពិភាក្សា និងផ្លាស់ប្តូរយោបល់ល្នុងកិច្ចសហប្រតិបត្តិការដើម្បីជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្វពាណិជ្ជកម្មនៃភាគីទាំង២ស្របតាមគោលការណ៍ច្បាប់នៃប្រទេសទាំង២រវាងរដ្ឋបាលខេត្តបាត់ដំបងនៃព្រះរាជាណាចក្រកម្ពុជា និងក្រុងជង់សុងហ្គាន់ ខេត្តជុងសានប៊ុកនៃសាធារណ:រដ្ឋកូរ៉េដោយបានឯកភាពគ្នាជាគោលការណ៍រួមដែលមានខ្លឹមសារសំខាន់ៗដូចជា÷ ១,ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេរភាគីលើវិស័យកសិកម្ម ពាណិជ្ជកម្ម ២, ផ្តល់ការគាំទ្រ និងបង្កលក្ខណ:ងាយស្រួលដល់ក្រុងជង់សុងហ្គាន់ ខេត្តជុងសាប៊ុកក្នុងការជម្រុញអ្នកវិនិយោគលើវិស័យកសិកម្ម តាមរយៈវគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដោយបានជ្រើសរើសយកតំបន់ភូមិសាស្រ្តរដ្ឋបាលស្រុកថ្មគោលខេត្តបាត់ដំបងជាស្រុកគោលដៅអនុវត្ត។ ៣, ផ្លាស់ប្តូរទស្សនកិច្ច និងការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់នៃភាគីទាំង២ក្នុងព្រឹត្តការណ៍ពិព័រពាណិជ្ជកម្ម កសិកម្ម និងព្រឹត្តការណ៍ផ្សេងៗទៀត។ ៤, ភាគីទាំង២បានព្រមព្រៀងឯកភាពគ្នាចងសម្ព័ន្ធមេត្រីភាពក្នុងពេលខាងមុខ និងរាយការណ៍ជូនរាជរដ្ឋាភិបាល និងរដ្ឋាភិបាលនៃប្រទេសទាំង២ ដើម្បីទទួលការអនុញាតិជាគោលការណ៍ឲ្យរដ្ឋបាលខេត្តបាត់ដំបងនៃព្រះរាជាណាចក្រកម្ពុជានិងក្រុងជង់សុងហ្គាន់ ខេត្តជុងសានប៊ុកនៃសាធារណ:រដ្ឋកូរ៉េឈានដល់ចុះហត្ថលេខាលើកំណត់ហេតុជាជំហ៊ានដំបូង និងចុះហត្ថលេខាលើអនុសាធារណ:ស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
បន្ទាប់ពីកិច្ចប្រជុំពិភាក្សាគ្នាប្រកបដោយជោគជ័យ រិតចំណងសាមគ្គីភាព មិត្តភាព យូរអង្វែង និងបានចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំព្រមទាំងថតរូបរួមគ្នារួចផ្តល់វត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមកផងដែរ។