រសៀលថ្ងៃសុក្រ ១៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំសាមញ្ញលើកទី០២ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៤ នៅសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក អភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលខេត្ត លោកប្រធាន អនុប្រធានមន្ទីរអង្គភាពក្នុងខេត្ត និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ។
នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី០២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិ៤ មានរបៀបវារៈ ដូចខាងក្រោម៖
១.ស្នើសុំអនុម័តលើសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី០២
២.ពិនិត្យ និងអនុម័តលើសេចក្តីព្រាង កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី០១ កាលពីថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤
៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងដីកាស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤
៤.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ សម្រាប់រយៈពេលដប់ពីរ (១២)ខែ ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី០២ រាយការណ៍ដោយលោកនាយកទីចាត់ការរដ្ឋបាលខេត្ត
៥. បញ្ហាផ្សេងៗ
៦. ប្រសាសន៍បូកសរុប និងផ្តាំផ្ញើរបស់ប្រធានក្រុមប្រឹក្សាខេត្ត។