រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យយន្តការនៃការចុះទប់ស្កាត់ ការទន្រ្ទានកាន់កាប់ដីរដ្ឋ ក្នុងតំបន់ដែនព្រៃលិចទឹកជុំវិញបឹងទន្លេសាប

នាព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យយន្តការនៃការចុះទប់ស្កាត់ ការទន្រ្ទានកាន់កាប់ដីរដ្ឋ ក្នុងតំបន់ដែនព្រៃលិចទឹកជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ស្រុកថ្មគោល ស្រុកសង្កែ និងស្រុកមោងឫស្សី នៅឯសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រជុំនេះឯកឧត្តម សុខ លូ បានអនុញ្ញាតឲ្យរដ្ឋបាលស្រុកដែលជាប់នឹងព្រំប្រទល់បឹងទន្លេសាប មន្ទីរជំនាញលោកមេឃុំពាក់ព័ន្ធ ឡើងរាយការណ៍ពី លទ្ធផលនិងបញ្ហាប្រឈមនានាអំឡុងពេលនៃការចុះបង្ក្រាប ការទន្រ្ទានកាន់កាប់ដីរដ្ឋក្នុងតំបន់ដែនព្រៃលិចទឹកជុំវិញបឹងទន្លេសាប ។
ឯកឧត្តម សុខ លូ បានមានប្រសាសន៍ណែនាំ មន្រ្តីជំនាញពាក់ព័ន្ធ ត្រូវតែបន្តយន្តការបង្រ្កាប និងទប់ស្កាត់តំបន់ដែនព្រៃលិចទឹកជុំវិញបឹងទន្លេសាប ហើយបើសិនជារកឃើញថាជនណាដែលនៅតែបន្តទន្រ្ទានយកដីតំបន់ដែនព្រៃលិចទឹកជុំវិញបឹងទន្លេសាបទៀតនោះ សូមមន្ទីរជំនាញ អាជ្ញាធរស្រុក ឃុំពាក់ព័ន្ធ ទាំងអស់ត្រូវតែយកបុគ្គលនោះអនុវត្តទៅតាមផ្លូវច្បាប់ មិនថាអ្នកកំពុងប្រព្រឹត្ត ឬអ្នកពាក់ព័ន្ធឡើយ ។
ឯកឧត្តម សុខ លូ បានផ្តាំផ្ញើដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវបន្តផ្សព្វផ្សាយបទបញ្ជាថ្នាក់លើបន្ថែមទៀត ដល់ពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនកុំឲ្យបន្តសកម្មភាពណា ដែលនាំឲ្យខុសច្បាប់ ហើយយើងជាមន្រ្តីត្រូវធ្វើសកម្មភាពត្រួតពិនិត្យរឿងនេះជាប្រចាំដូចភ្លៀងរលឹមដាច់ខាតមិនឲ្យកើតមានទៀតឡើយ៕

អត្ថបទទាក់ទង