នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងទិវាអន្តរជាតិប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ ក្រោមប្រធានបទ រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិធីនេះប្រារព្ធនៅមុខ សារមន្ទីរប្រវត្តិសាស្ត្រ អគារចាស់សាលាខេត្តបាត់ដំបង ។
ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកយកសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មកបង្ហាញថា សម្រាប់ឆ្នាំ២០២៤នេះ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការគ្រឿងញៀន និងឧក្រិដ្ឋកម្មគ្រឿងញៀន បានកំណត់ឱ្យមានការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ « ភស្តុតាងបង្ហាញច្បាស់ថា ការវិនិយោគលើការបង្ការ គឺជាការចាំបាច់» ក្នុងគោលបំណងបន្តលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន តាមរយៈ ការជំរុញ និងលើកទឹកចិត្តជនគ្រប់រូប គ្រប់វ័យ និងគ្រប់មជ្ឈដ្ឋាននៃសង្គមឱ្យចូលរួមកាន់តែសកម្មថែមទៀត ជាពិសេសលើការងារផ្សព្វផ្សាយ អប់រំ បង្ការ និងទប់ស្កាត់រាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ។ ដោយឡែក ព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាមួយបណ្តាប្រទេសជាសមាជិកទាំងអស់នៅលើសកលលោក ដោយបានរៀបចំឱ្យមានការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅទូទាំង២៥ រាជធានី ខេត្ត ក្រោមប្រធានបទ “រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន” ក្នុងគោលបំណង បន្តបំផុសនិងដាស់តឿនប្រជាពលរដ្ឋទូទៅ ជាពិសេសយុវជន យុវនារី កម្មករ កម្មការនី និស្សិត និងសិស្សានុសិស្សទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ និងស្វែងយល់កាន់តែស៊ីជម្រៅថែមទៀតអំពីផលប៉ះពាល់ និងគ្រោះថ្នាក់ ដែល បង្កឡើងដោយសារគ្រឿងញៀន ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាល បង្កើតជាចលនាជាតិមួយ គឺចាត់ទុកបញ្ហា គ្រឿងញៀនជាបញ្ហារួម និងត្រូវចូលរួមបង្ការទប់ស្កាត់ និងលុបបំបាត់ទាំងអស់គ្នា ស្របតាមទស្សនវិស័យ ប្រកបដោយគុណាធិបតេយ្យ ភាពស្អាតស្អំ និងភាពជាគំរូ នៃការអនុវត្តច្បាប់ តាមរយៈបទបញ្ជាលេខ០១ប.ប ក្នុងការមានវិធានការម៉ឺងម៉ាត់ និងបទបញ្ជាដាច់ខាត ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន និងមន្ត្រីជាប់កិច្ចសន្យា ដែលជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ និងបទល្មើសគ្រឿងញៀនខុសច្បាប់ ត្រូវចាត់វិធានការបញ្ចប់ មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ព្រមទាំងទទួលការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌ អនុលោមតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ដើម្បី «សម្អាតចកកខ្វក់ចេញពីផ្ទៃបឹង និងរក្សាផ្ទៃបឹងឱ្យថ្លាជាប្រចាំ» ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ដែរថា ជាការពិតណាស់ បើទោះបីជាខេត្តបាត់ដំបង ពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងការចែកចាយគ្រឿងញៀនក៏ដោយ ក៏យើងគ្រប់គ្នាត្រូវមានការ ប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធនឹងការជួញដូរគ្រឿងញៀន និងកាត់បន្ថយអត្រា អ្នកប្រើប្រាស់គ្រឿងញៀនឱ្យនៅកម្រិតតិចបំផុតជាអតិបរិមា ។
ឯកឧត្តម បានបន្តថា ដើម្បីសម្រេចបាននូវទិសដៅនេះ ទាមទារឱ្យមានការចូលរួមគ្រប់អ្នកពាក់ព័ន្ធទាំងអស់ អនុវត្ត៣កុំ មួយរាយការណ៍ គឺ កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងមួយរាយការណ៍អំពីបទល្មើសគ្រឿងញៀន សំដៅធ្វើឱ្យកើតមាននូវប្រទេសខ្ញុំ សុវត្ថិភាពខ្ញុំ ឬខេត្តខ្ញុំ សុវត្ថិភាពខ្ញុំ ។ គ្រឿងញៀន គឺជាបញ្ហាដែលត្រូវចូលរួមទាំងអស់គ្នា បើស្ថានភាពនៃការចរាចរណ៍ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅតែមាន គឺរាល់គម្រោងអភិវឌ្ឍន៍ខេត្តនានាមិនអាចប្រព្រឹត្តទៅបានឡើយ មិនដូច្នេះទេធនធានមនុស្សរបស់យើងក៏ត្រូវធ្លាក់ក្នុងវិបត្តិសង្គមដ៏ស្មុគស្មាញផងដែរ ។
សូមបញ្ជាក់ថា នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃនេះ បានធ្វើការដុតបំផ្លាញចោលនូវវត្ថុតាងគ្រឿងញៀន តាមដីកាសម្រេចរបស់សាលាដំបូងខេត្ត ដែលមានគ្រឿងញៀន សរុបទម្ងន់ ២២.២៥២,១០ ក្រាម ក្នុងនោះមាន៖ ប្រភេទមេតំហ្វេតាមីន ប្រភេទកេតាមីន ប្រភេទម្សៅថ្លាអ៊ុចស្តាស៊ី ប្រភេទមេតំហ្វេតាមីន WY និងឧបករណ៍សម្ភារៈសម្រាប់ផលិត ការជួញដូរ និងសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ៕