រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង

  • 30
  • ដោយ teavvisal

នៅព្រឹកថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែ និងលើកទិសដៅការងារបន្តសម្រាប់ខែបន្តបន្ទាប់ទៀត នៅឯសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។
នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុងស្រុក ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។
ឯកឧត្តម សុខ លូ បានធ្វើការក្រើនរម្លឹកដល់រដ្ឋបាលក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តការផ្សព្វផ្សាយផលប៉ះពាល់នៃគ្រឿងញៀនដល់គ្រប់ស្រទាប់ប្រជាជន នៅតាមសហគមន៍ក្នុងខេត្ត ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ខណៈការជួញដូរ ចែកចាយ រក្សាទុក និងការប្រើប្រាស់គ្រឿងញៀននៅតែជាបញ្ហាប្រឈម ដែលត្រូវប្រយុទ្ធប្រឆាំងឱ្យបានម៉ឺងម៉ាត់បំផុត ។
ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានធ្វើការជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃខេត្តបាត់ដំបង ត្រូវរួមសហការគ្នាល្អជាមួយសមត្ថកិច្ចពាក់ព័ន្ធបន្តសកម្មភាពចុះអប់រំផ្សព្វផ្សាយផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនឱ្យដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ នៅតាមសហគមន៍នានា ដើម្បីឱ្យពួកគាត់មានការយល់ដឹងកាន់តែស៊ីជម្រៅអំពីផលប៉ះពាល់នៃគ្រឿងញៀន ក្នុងគោលដៅ ដើម្បីឈានទៅបញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ក្នុងនោះត្រូវតាមដានស្វែងរកមេក្លោងជួញដូរ ចែកចាយគ្រឿងញឿន ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។
ក្រៅពីនេះឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានជំរុញបន្ថែមទៀតឱ្យបន្តពង្រឹងវិធានការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាល្បែងស៊ីសង ក្មេងទំនើង ការជួញដូរមនុស្សឱ្យកាន់តែខ្លាំងក្លាថែមទៀត ដោយយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបឱ្យមាន ប្រសិទ្ធភាពក្នុងសកម្មភាពជួញដូរពលករឆ្លងដែន និងចំណាកស្រុកខុសច្បាប់ ។ បង្កើនការបង្ក្រាបបទល្មើសគ្រប់ប្រភេទដោយបង្កើនការដាក់កម្លាំងតាមគោលដៅ និងបង្កើនកម្លាំងល្បាត ដើម្បីធានាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ បន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការងារផ្សព្វផ្សាយវេទិកាសាធារណៈ និងចលនាប្រជាការពារឱ្យកាន់តែសកម្មផុលផុស និងត្រូវខិតខំជំរុញការផ្សព្វផ្សាយអប់រំទូលំទូលាយនូវវិធានការបង្ការពន្លត់អគ្គីភ័យដល់គ្រប់ខ្នងផ្ទះប្រជាពលរដ្ឋ និងទីតាំងដែលងាយបង្កគ្រោះអគ្គីភ័យ ដោយជំរុញឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើប្រាស់ចរន្តអគ្គិសនី ដើម្បីជៀសវាងនិងកាត់បន្ថយគ្រោះអគ្គីភ័យ ដែលអាចកើតមានឡើងជាយថាហេតុ ដោយធ្វើកម្មវិធីចុះផ្សព្វផ្សាយ ទីតាំងសំខាន់ៗទាំងនោះជាប្រចាំ ។ ការពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការគ្រប់អង្គភាព ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការទប់ស្កាត់ការទន្ទ្រានដីព្រៃជលផល តំបន់ការពារ និងធនធានធម្មជាតិ ដែលស្ថិតក្នុងតំបន់អភិរក្ស ព្រមទាំងបន្តទប់ស្កាត់ដោះស្រាយវិវាទតវ៉ានានារបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាដោយសន្តិវិធី និងបន្តទប់ស្កាត់បង្ក្រាបបទល្មើសនេសាទ ក្នុងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ៕

អត្ថបទទាក់ទង