រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា១ខ្នង នៃអនុវិទ្យាល័យ សោ ហឺ

នៅព្រឹកថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាចូលរួមជាគណៈអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ៤ជាន់ ២០បន្ទប់ នៅអនុវិទ្យាល័យ សោ ហឺ ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ឧកញ៉ា សប្បុរសជន ក្រុមប្រឹក្សាខេត្ត ក្រុង គណៈអភិបាលខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអង្គភាពពាក់ព័ន្ធដែលបាន ខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ រួមគ្នារក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព បានល្អប្រសើរ និងសម្រេចបាននូវ សមិទ្ធផលជាច្រើនក្នុងខេត្តបាត់ដំបងរបស់យើងនេះ។
សម្ដេច បានមានប្រសាសន៍បន្តថា ស្ថិតក្រោមការគង់ប្រថាប់ជាម្លប់ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងតាមរយៈការអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ ទាំងបួនដំណាក់កាល ព្រមទាំងគោលនយោបាយ និងផែនការយុទ្ធសាស្ត្រផ្សេងទៀតធ្វើឱ្យកម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន។ ឈរលើមូលដ្ឋានសមិទ្ធផលដែលសម្រេចបានកន្លងមក បាននិងកំពុងជំរុញ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បំពេញការងារយ៉ាងសកម្ម និងស្វាហាប់ ធានាបាននូវនិរន្តរភាពការងារលើគ្រប់វិស័យក្នុងសង្គមបន្តពីរាជរដ្ឋាភិបាល នីតិកាលទី៦ ជាមួយនឹងការចាត់តាំងអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យកអាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្ថែមថា បន្ទាប់ពីទទួលបាននូវសុខសន្តិភាពពេញលេញ វិស័យអប់រំ បានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការ នៃការកសាងធនធានមនុស្ស សំដៅរួមចំណែកជួយបង្កើននូវកំណើនសេដ្ឋកិច្ចឱ្យមានភាពល្អប្រសើរ តាមរយៈការពង្រឹងភាពប្រកួតប្រជែង និង លើកកម្ពស់ផលិតភាព ដើម្បីជាមូលដ្ឋានក្នុងការអភិវឌ្ឍឧស្សាហកម្ម។
សម្ដេច បានមានប្រសាសន៍គូសបញ្ជាក់ថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានចាប់ផ្តើមអនុវត្តគោលនយោបាយ ដោយផ្តោតលើការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងបានដាក់ចេញនូវវិធានគន្លឹះសំខាន់ៗ ដើម្បីពង្រឹងគុណភាពសាលារដ្ឋចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ក្នុងការកសាង និងអភិវឌ្ឍសាលារៀននៅគ្រប់មូលដ្ឋាន ពិសេសការកសាងហេដ្ឋា រចនាសម្ព័ន្ធរូបវន្ត ដែលមានដូចជា អគារសិក្សា ទីចាត់ការ បណ្ណាល័យ សួនច្បារ និងសមិទ្ធផលផ្សេងៗទៀត សំដៅលើកកម្ពស់វិស័យអប់រំ។
សម្ដេចបន្តលើកឡើងថា ក្នុងន័យនេះ សមិទ្ធផលអាគារសិក្សាថ្មីដែលបានដាក់សម្ពោធឱ្យប្រើប្រាស់នាពេលនេះ គឺពិតជាមានសារៈសំខាន់ក្នុងការចូលរួមបំពេញបន្ថែមនូវបន្ទប់សិក្សាក្នុង អនុវិទ្យាល័យ សោ ហឺ។ សម្តេចសង្ឃឹមយ៉ាងមុតមាំថា អគារសិក្សាថ្មីនេះ នឹងអាចឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងក្មួយៗ សិស្សានុសិស្ស ក្នុងការបំពេញការងារ និងការសិក្សាប្រចាំថ្ងៃ។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ក្នុងនាមអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង សម្តេចក្រឡាហោម ស ខេង សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងសប្បុរសជន ទាំងអស់ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួន លះបង់កម្លាំងកាយចិត្ត ចូលរួមកសាង សមិទ្ធផលអាគារសិក្សាថ្មីក្នុង អនុវិទ្យាល័យ សោ ហឺ ក៏ដូចជាសមិទ្ធផលផ្សេងៗទៀត ក្នុងខេត្តបាត់ដំបង ឱ្យកាន់តែល្អប្រសើរ។ ព្រមជាមួយគ្នានេះ សម្តេច ក៏សូមកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាលា មន្ត្រីរាជការព្រមទាំងលោកគ្រូ អ្នកគ្រូ ដែលបានបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ និងទទួលបានផ្លែផ្កាជាច្រើនគួរជាទីមោទនៈ។
សម្ដេចក្រឡាហោម ស ខេង ក្នុងនាមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនទៀតផងដែរ ៕

អត្ថបទទាក់ទង