នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅឯសាលមហោស្រព ស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងថា ប្រជាពលរដ្ឋចំនួន៨,២១៤,៤៣០នាក់ ស្មើនឹង៨៤.៥៩% នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប ចំនួន៩,៧១០,៦៥៥នាក់ បានទៅបោះឆ្នោត ដើម្បីសម្តែងនូវឆន្ទៈរបស់ពួកគាត់ ដោយសេរី និងអនុវត្តសិទ្ធិបោះឆ្នោតរបស់ខ្លួនប្រកបដោយសុវត្ថិភាព គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា ។ ឯកឧត្តមបានបន្តទៀតថា ដំណើរការ និងសមិទ្ធផលសំខាន់ៗនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលបានលទ្ធផលល្អនេះ គឺដោយសារតែបានរៀបចំបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងលិខិតបទដ្ឋានគតិយុត្តមួយចំនួនទៀត ដើម្បីបម្រើឱ្យការបោះឆ្នោត ស្របតាមច្បាប់ និងបទបញ្ជាជាធរមាន ។
ឯកឧត្តមបានបញ្ជាក់បន្តថា សមិទ្ធផលទាំងអស់នេះ អាចសម្រេចទៅបានអាស្រ័យលើការគោរពនិងអនុវត្តបានត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការបោះឆ្នោត ប្រតិទិន និងផែនការមេ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធមួយចំនួនទៀត ហើយក៏មានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ចូលរួមទាំងកម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងប្រាជ្ញាស្មារតី ក្នុងការអនុវត្តការងារតាមតួនាទី និងភារកិច្ចរបស់ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធនានាគ្រប់ជាន់ថ្នាក់ ហើយបើទោះបីជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ សម្រេចបាននូវលទ្ធផលជោគជ័យយ៉ាងណាក្តី ក៏យើងនៅតែសង្កេតឃើញថា នៅមានចំណុចខ្វះខាតមួយចំនួន ដែលយើងទាំងអស់គ្នាត្រូវតែចូលរួមចំណែកធ្វើការពិភាក្សាគ្នា ក្នុងការដោះស្រាយឲ្យបានល្អនូវចំណុចទាំងនោះ ដើម្បីឲ្យការបោះឆ្នោតលើកក្រោយកាន់តែទទួលបាននូវលទ្ធលល្អជាងនេះទៀត ។
ឯកឧត្តម បានបង្ហាញថា ប្រធានបទធំៗចំនួន៥ ដែលត្រូវដោះស្រាយនោះ គឺ៖
ទី១-ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត
ទី២-ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនិងបេក្ខជនឈរឈ្មោះនិងនីតិវិធីនៃការដាក់ការទទួលនិងការដោះស្រាយពាក្យបណ្តឹង
ទី៣-ការឃោសនាបោះឆ្នោតនិងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយក្នុងដំណើរការ
ទី៤-ការបោះឆ្នោត ការរាប់សន្លឹកឆ្នោតនិងការបូកសរុបលទ្ធផលនៃការបោះឆ្នោត
ទី៥-ការបណ្តុះបណ្តាលនិងការអប់រំអ្នកបោះឆ្នោត ហើយសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា អង្គសន្និបាតនាពេលនេះនឹងធ្វើការពិភាក្សាគ្នារកដំណោះស្រាយបានទូលំទូលាយបន្ថែមទៀត ដើម្បីយើងទទួលបានលទ្ធផលជាវិជ្ជមាន៕