រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ជំនួបសម្ដែងការគួរសម រវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា

  • 285
  • ដោយ teavvisal

នៅព្រឹកថ្ងៃសៅរ៍ ១៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយប្រតិភូដែលជាអ្នកវិនិយោគនៃប្រទេសបារាំងចំនួន១៥ ក្រុមហ៊ុន ដែលដឹកនាំដោយ ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសិក្សាអំពីសក្ដានុពលសំខាន់ៗនៅក្នុងខេត្តបាត់ដំបង ស្វែងរកឱកាសវិនិយោគនៅក្នុងខេត្តបាត់ដំបង ។
ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងអំពីគោលបំណងចម្បងរបស់ប្រតិភូនៃប្រទេសបារាំង គឺដើម្បីឱ្យក្រុមអ្នកវិនិយោគមកពីប្រទេសបារាំងធ្វើការស្វែងយល់បន្ថែមទៀត អំពីសក្ដានុពលនៅក្នុងខេត្តបាត់ដំបង ដើម្បីផ្ដល់ជាធាតុចូលនៃចំណេះដឹងក្នុងការរកឱកាសវិនិយោគលើវិស័យនានានៅក្នុងខេត្តបាត់ដំបង មិនថាវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ ឬវិស័យដឹកជញ្ជូនឡើយ ដោយខេត្តបាត់ដំបងជាខេត្តគោលដៅដ៏សំខាន់មួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ និងភ្ជាប់ទៅតំបន់សំខាន់ៗនៅក្នុងប្រទេសបានយ៉ាងល្អប្រសើរផងដែរ ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ស្វាគមន៍ដល់ឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រតិភូដែលជាអ្នកវិនិយោគមកពីប្រទេសបារាំង ដែលបានអញ្ជើញមកទស្សនកិច្ចនៅលើទឹកដីខេត្តបាត់ដំបង និងសិក្សាអំពីសក្ដានុពលក្នុងខេត្តបាត់ដំបង ដើម្បីសិក្សាអំពីឱកាសវិនិយោគនៅក្នុងទឹកដីដ៏ល្អផូរផង់មួយនេះ ។ ឯកឧត្តមបានបន្តទៀតថា ខេត្តបាត់ដំបងជាខេត្តដែលមានសក្ដានុពលខាងផ្នែកកសិកម្ម ទន្ទឹមនឹងនោះដែរ ខេត្តក៏កំពុងមានតម្រូវការជាច្រើនខាងផ្នែកនេះ ដោយទាមទារឱ្យអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក ចាប់អារម្មណ៍វិនិយោគផ្នែកកសិឧស្សាហកម្ម ដូចជាការកែច្នៃផ្លែឈើ ការយកផលិតផលកសិកម្មយកទៅកែច្នៃ ដើម្បីធ្វើការលក់ និងនាំចេញទៅក្រៅប្រទេស ព្រោះសព្វថ្ងៃនេះផលិតផលកសិកម្មជាច្រើន នៅមិនទាន់បានយកមកកែច្នៃអស់លទ្ធភាពនៅឡើយទេ ធ្វើឱ្យផលិតផលទាំងនោះលើសតម្រូវការទីផ្សារ បណ្ដាលឱ្យមានការធ្លាក់ថ្លៃផងដែរ ។ ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា ក្នុងនោះផងដែរ ដំណាំម្រេច និងដំណាំទុរេន ក៏មិនខុសពីដំណាំនៅខេត្តកំពតដែរ ពោលគឺមានរសជាតិឆ្ងាញ់ និងមានក្លិនឈ្ងុយ ដែលជាដំណាំកំពុងមានសក្ដានុពលនៅក្នុងទឹកដីខេត្តបាត់ដំបងផងដែរ ។
ឯកឧត្តមបានបន្តទៀតថា ដោយសារខេត្តបាត់ដំបងជាខេត្តដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាខេត្តប៉ូលសេដ្ឋកិច្ចទី៤នៃប្រទេសកម្ពុជា ខេត្តបាត់ដំបងជាគោលដៅទេសចរណ៍ដ៏សំខាន់ដែលមិនអាចបំភ្លេចបាន ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តក៏ចាប់ផ្ដើមល្អប្រសើរច្រើន មានផ្លូវអាស៊ាន ហាយវេ ដែលភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តបន្ទាយមានជ័យតែម្ដង មានផ្លូវរថភ្លើង ដោយឡែកនៅពេលអនាគត រដ្ឋាភិបាលក៏នឹងមានគម្រោងសាងសង់ផ្លូវតភ្ជាប់ពីខេត្តសៀមរាប ឆ្ពោះមកខេត្តបាត់ដំបងផ្ទាល់តែម្ដង ហើយបើសិនជាផ្លូវល្បឿនលឿនពីភ្នំពេញមកសៀមរាប និងផ្លូវពីសៀមរាបមកបាត់ដំបង ចេញរូបរាងមកមែន នោះភ្ញៀវទេសចរជាតិ និងអន្តរជាតិនឹងងាកមកកំសាន្ដខេត្តបាត់ដំបងកាន់តែច្រើនឡើងៗ ហើយខេត្តបាត់ដំបងក៏នឹងក្លាយជាខេត្តទេសចរណ៍ដ៏សំខាន់ មិនអាចរំលងបានផងដែរ ៕

អត្ថបទទាក់ទង