រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក ញឹក សារ៉ែន ត្រូវបានរាជរដ្ឋាភិបាលសម្រេចតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

  • 1.7ពាន់
  • ដោយ Sotheavy

នៅថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី លោក អភិបាលរង នៃគណៈអភិបាលខេត្ត លោក ប្រធាន មន្ទីរ អង្គភាព គណៈអភិបាលស្រុក ការិយាល័យនានាជុំវិញស្រុក និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត ។

ឯកឧត្តម ងួន រតនៈ បានប្រគល់អនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការតែងតាំង លោក ញឹក សារ៉ែន ឋានន្តរស័ក្តិថ្នាក់លេខ ៤ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

លោក ញឹក សារ៉ែន លើកក្នុងអង្គពិធីនោះថា បើជាទោះបីជាកន្លងមករូបខ្ញុំបាទធ្លាប់ប្រឡូកការងារនៅរដ្ឋបាលខេត្ត និងនៅមូលដ្ឋានស្រុកមួយចំនួនទៀតក៏ពិតមែន ខ្ញុំបាទនៅតែគិតថាមុខតំណែងនេះ គឺជាសាងល្បងនូវវិញ្ញាសារថ្មីមួយទៀត ដែលមានលក្ខណៈស៊ីជម្រៅ ស្មុកស្មាញ និងមានការទទួលខុសត្រូវកាន់តែខ្ពស់ចំពោះ ឯកឧត្តម អភិបាល  នៃគណៈអភិបាលខេត្ត និងក្រុមប្រឹក្សាក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងបរិបទនៃកំណែទម្រង់លើគ្រប់វិស័យ ជាពិសេសការកំណែទម្រង់រដ្ឋបាលសាធារណៈ និងការកំណែទម្រង់វិមជ្ឈការ និងសហវិជ្ឈកាលក្នុងគោលដៅឈានឆ្ពោះទៅធ្វើឱ្យមានភាពកាន់តែប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនផងដែរ ។

លោក អភិបាលស្រុកគាស់ក្រឡ បានបន្តទៀតថា ការប្រកាន់យកនូវឥរិយាបទសិលធម៌ សេចក្តីថ្លៃថ្នូរ និងភាពស្អាតស្អំរបស់មន្ត្រីរាជការ និងជាអ្នកបម្រើប្រជាជនដោយស្មោះត្រង់ប្រកបដោយអភិបាលកិច្ចល្អ ។ លោកក៏ធ្វើការប្តេជ្ញាចិត្ត និងសន្យាជាឧឡារឹកចំពោះអង្គពិធីដូចតទៅ ៖
១-គោរពតាមលិខិតបទដ្ឋានគតិយុត្តនានា និងការចាត់តាំងណែនាំរបស់ថ្នាក់នាំដោយតម្កល់នូវឧត្តមប្រយោជន៍ជាតិ និងប្រជាជន។
២-លើកកម្ពស់ស្មារតី សាមគ្គីភាពផ្ទៃក្នុង សំដៅសម្រេចឱ្យបានការអភិវឌ្ឍន៍ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
៣-បន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់បង្កើនសមត្ថភាពផ្ទាល់ខ្លួន និងអប់រំកែលម្អអត្តចរឹក សិលធម៌គ្រប់ទំនាក់ទំនងការងារឱ្យល្អប្រសើរ ដើម្បីឱ្យក្លាយជាមន្ត្រីដែលមានសមត្ថភាព និងសិលធម៌វិជ្ជាជីវៈក្នុងការបំពេញភារកិច្ចឱ្យបានល្អប្រសើរស្របតាមអភិក្រម ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រម្ពុជា ដែលមន្ត្រីគ្រប់ថ្នាក់ត្រូវ ឆ្លុះកញ្ចក់ ងូតទឹក ដុលក្អែល ព្យាបាល និងវះកាត់
៤-ប្តេជ្ញាចូលរួមអនុវត្ត និងខិតខំបង្ការទប់ស្កាត់ និងលុបបំបាត់រាល់បាតុភាពអសកម្មទាំងឡាយ ដែលធ្វើឱ្យប៉ះពាល់ បង្កឱ្យមានការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ និងជំរុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ សុខមាលភាពការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

អត្ថបទទាក់ទង