នៅព្រឹកថ្ងៃព្រហស្សសិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងអភិវឌ្ឍន៍ជនបទដឹកនាំដោយ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ រដ្ឋលេខាធិការក្រសួង បានធ្វើការផ្សព្វផ្សាយខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ ដល់មន្ទីរអង្គភាព ក្រុង ស្រុក ដែលមានការអញ្ជើញចូលរួមពីលោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកប្រធានអនុប្រធានមន្ទីរ អង្គភាព លោកអភិបាល អភិបាលរងក្រុង ស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។
លោក វ៉ាន់ ថុល ប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទខេត្ត បានអានខ្លឹមសារទាំងស្រុងនៃសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។
សូមជម្រាបជូនដែរថា ក្រសួងអភិវឌ្ឍន៍ជនបទបានដាក់ចេញនូវចក្ខុវិស័យរយៈពេលវែងនៅក្នុងឆ្នាំ២០២៥ ប្រជាពលរដ្ឋទាំងអស់គ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព ដើម្បីឲ្យសម្រេចបាននូវចក្ខុវិស័យនេះ ក្រសួងបានដាក់ចេញនូវគោលការណ៍ចំនួន ៣៖ ១-ការប្រើប្រាស់បង្គន់អនាម័យឲ្យបានគ្រប់គ្នា ២-មានទម្លាប់លាងសម្អាតដៃនឹងសាប៊ូក្រោយពេលបន្ទោបង់ និងមុនបរិភោគអាហារ ៣-ហូបទឹកដែលមានសុវត្ថិភាព ។
សូមបញ្ជាក់បន្ថែមថាជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទបានចំណាយថវិការប្រមាណជាង ២លានដុល្លាអាមេរិក ដើម្បីរៀបចំកម្មវិធីទិវាទឹកស្អាត និងអនាម័យនៅតាមសហគមន៍ជនបទ ។ គួរបញ្ជាក់ថា យោងតាមរបាយការណ៍សូនាករទឹកស្អាត និងអនាម័យជនបទបានបង្ហាញឲ្យឃើញថា ទឹកស្អាតនៅជនបទបានកើនឡើងដល់ ៥៨% និងអនាម័យកើនឡើងដល់ ៧១% នៅឆ្នាំ២០១៧ និងតាមការប៉ានស្មានក្នុងឆ្នាំ២០១៩ នេះ អត្រាគ្របដណ្តប់ទឹកស្អាតបានកើនឡើងដល់ ៦៥% និងអនាម័យបានកើនដល់ ៨០% ផងដែរ ។