រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញអមដំណើរ ឯកឧត្តម ថោ ជេដ្ឋា ចុះពិនិត្យវឌ្ឍនភាពអនុគម្រោង អាងទឹកភាស ជួសជុលសំណង់តាហែននិងប្រឡាយនាងលាក់

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញអមដំណើរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) និងសហភាពអឺរ៉ុប(EU) ចុះពិនិត្យវឌ្ឍនភាពអនុគម្រោងអាងទឹកភាស ស្ថិតក្នុងស្រុកឯកភ្នំ និងស្រុកថ្មគោល និងអនុគម្រោងជួសជុលសំណង់តាហែននិងប្រឡាយនាងលាក់ ក្នុងឃុំក្ដុលតាហែន ស្រុកបវេល នៃគម្រោងជួសជុលការខូចខាតដោយសារទឹកជំនន់ឆ្នាំ២០២០ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
សូមជម្រាបថា សមាសភាពគណៈប្រតិភូដែលអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងនាពេលនេះមាន ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោកនាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំតំបន់អាស៊ាន លោកស្រីនាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំកម្ពុជា លោកប្រធានកិច្ចសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមជាតំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងអាជ្ញាធរមូលដ្ឋានផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា គម្រោងជួសជុលការខូចខាតដោយសារទឹកជំនន់ឆ្នាំ២០២០មានអនុគម្រោងចំនួន៩ ដែលត្រូវអនុវត្តដូចជា៖ អនុគម្រោងអាងទឹកភាស អនុគម្រោងប្រព័ន្ធកង្ហត អនុគម្រោងជួសជុលទំនប់សណ្ដកំពីងពួយ អនុគម្រោងជួសជុលសំណង់តាហែននិងប្រឡាយនាងលាក់ និងអនុគម្រោងជួសជុលប្រឡាយមេ (លេខ១ លេខ២ លេខ៣ លេខ៤ លេខ៥)។
ជាមួយគ្នានេះដែរ តំណាងគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) និងប្រតិភូសហភាពអឺរ៉ុប(EU) បានសម្ដែងនូវក្ដីសប្បាយរីករាយ និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគម្រោងដែលសម្រេចបាន ព្រមទាំងថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមដែលបានផ្ដួចផ្តើមឱ្យមានដំណើរទស្សនកិច្ចដ៏មានសារសំខាន់ ក្នុងការចុះពិនិត្យជាក់ស្ដែងដល់ទីតាំងអនុវត្តគម្រោង និងជួបជាមួយបងប្អូនប្រជាកសិករនៅតាមសហគមន៍នានា ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ស្របតាមទស្សនវិស័យ បង្កើតដោយសហគមន៍ ធ្វើការជាមួយសហគមន៍ និងដើម្បីសហគមន៍។
សូមបញ្ជាក់ថា គម្រោងជួសជុលការខូចខាតដោយសារទឹកជំនន់ឆ្នាំ២០២០ ជាផ្នែកមួយនៃកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរកសិកម្មនៅកម្ពុជា(WAT4CAM) ជំហានទី១ ក្រោមហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) និងពីសហភាពអឺរ៉ុប(EU) ដែលចាប់អនុវត្តពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៥ ដោយបានជ្រើសរើសខេត្តចំនួន៥ រួមមាន៖ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តកណ្តាល។ ក្នុងនោះខេត្តបាត់ដំបងមានគម្រោងចំនួនពីរ ដែលត្រូវអនុវត្តគឺ ១)គម្រោងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រកង្ហត និង២)គម្រោងជួសជុលការខូចខាតដោយសារទឹកជំនន់ឆ្នាំ២០២០៕

អត្ថបទទាក់ទង