នៅថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីចំនួន ០២ ខ្នង ស្មើនឹង ៥ បន្ទប់ ក្នុងនោះ ៖ មត្តេយ្យសិក្សា មានចំនួន ០២បន្ទប់ និង ថ្នាក់បឋម ០៣បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សប្បុរសជនជប៉ុន តាមរយៈដៃគូអភិវឌ្ឍន៍ អង្គការ "ស្គូលអែដ-ជប៉ុន" ដែលបានប្រព្រឹត្តទៅនៅក្នុងបរិវេណ"សាលាបឋមសិក្សាបល្ល័ង្គ" សង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង ។ នៅក្នុងពិធីនេះ ក៏មានវត្តមាន ឯកឧត្តម សៀង ស៊ុតថង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងពីម្ចាស់ជំនួយផ្ទាល់មកពីប្រទេសជប៉ុនផងដែរ។
ក្នុងពិធីសម្ពោធ ទាំងអាជ្ញាធរក្រុង និង ម្ចាស់ជំនួយផ្ទាល់ បានថ្លែងកត់សម្គាល់ និងវាយតម្លៃ ពីសមិទ្ធផលថ្មីដែលកើតឡើងនៅទីនេះថា៖ គ្មានអ្វីប្រសើរជាងការគាំទ្រក្នុងការកសាងសាលារៀនឲ្យបានស្អាតនៅទីនេះ ដែលជាក្តីស្រមៃនិងក្តីសង្ឃឹមជូនបងប្អូនប្រជាពលរដ្ឋ មាតា-បិតា អាណាព្យាបាល និងកូនក្មួយនៅទីនេះឡើយ។
លោក អាអូគិ ស៊ីហ្គេអុ (Aoki Shigeo)ជានាយកប្រតិបត្តិ អង្គការ(ស្គូល អែដ ជប៉ុន) ព្រមទាំងសប្បុរសជន ដែលជាម្ចាស់ជំនួយផ្ទាល់ បានថ្លែងថា៖ អាគារសិក្សាដែលស្ថិតនៅក្នុងសាលាបឋមសិក្សាបល្ល័ង្គនិងដាក់សម្ពោធថ្ងៃនេះគឺជាអាគារសិក្សាទី៧ហើយដែលមាននៅក្នុងខេត្តបាត់ដំបង ក្នុងចំណោមអាគារសិក្សា ចំនួន ២៩៨អាគារ ដែលអង្គការ "ស្គូល អែដ ជប៉ុន" បានធ្វើនៅកន្លែងផ្សេងៗ។ តំណាងអង្គការនេះក៏បានគូសបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា៖ ក្នុងចំណោមទីតាំង៤០០កន្លែង ដែលអង្គការខ្លួនទៅដល់ រូបលោកទើបតែប្រទះនិងបានកោតសរសើរចំពោះលោកស្រីនាយិកាសាលាមួយនេះ ដែលបានខិតខំប្រឹងប្រែងតស៊ូមតិយ៉ាងស្វិតស្វាញក្នុងការពន្យល់ឲ្យអង្គការលោក សម្រេចចិត្តក្នុងការស្វះស្វែងកៀងគររកដៃគូ និងសប្បុរសជនជប៉ុន ដើម្បីជួយកសាងអាគារសិក្សានៅទីនេះនិងដើម្បីសម្រេចនូវក្តីស្រមៃរបស់កូនក្មួយ ដែលកំពុងតែសិក្សានៅទីនេះ ជាមួយនិងសមិទ្ធផលថ្មីដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ថ្ងៃនេះ។ម្ចាស់អំណោយផ្ទាល់ លោក អាអូគិ ស៊ីហ្គេអុ (Aoki Shigeo) ជានាយកប្រតិបត្តិនៃអង្គការ(ស្គូល អែដ ជប៉ុន) ក៏បានថ្លែងសង្កត់ធ្ងន់ទៀតថា៖ការបរិច្ចាគថវិកាដែលបានមកពីការកៀងគរពីសប្បុរសជនជប៉ុន ក្នុងការជួយកសាងសាលារៀននៅទីនេះ សង្ឃឹមថា៖ ក្មួយៗនិងលោកគ្រូ អ្នកគ្រូនៅទីនេះ និងប្រជាពលរដ្ឋជាពិសេសអាជ្ញាធរ និងបន្តថែរក្សាសមីទ្ធផលនេះដើម្បីជាប្រយោជន៍ដល់កូនចៅ ក្មួយៗនិងមនុស្សជំនាន់ក្រោយៗបានសិក្សារៀនសូត្រនៅទីនេះ។
ម្ចាស់អំណោយផ្ទាល់ ក៏បានសំណូមពរ និងក្រើនរំលឹកដល់កូនៗ ក្មួយៗ ដែលជាសិស្សកំពុងសិក្សានៅសាលានេះថា៖ សូមក្មួយៗ ត្រូវមករៀនឲ្យបានទៀងទាត់ មករៀនឲ្យបានចេះ ឲ្យបានចំណេះ។ ចេះតិចប្រសើរជាងអត់ចេះ មានចំណេះទើបធ្វើឲ្យខ្លួនយើងមានអនាគតល្អ សម្រាប់ទៅថ្ងៃអនាគត។
លោក អ៊ុយ សុធាវី បានមានប្រសាសន៍ថា៖គោលនយោបាយ ជាអាទិភាពរបសរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យអប់រំ គឺ៖ អនុវត្តនូវគោលការណ៍អប់រំសម្រាប់ទាំងអស់គ្នា ដោយធានាឲ្យបានឲ្យសិស្សទាំងអស់អាចចូលរៀនបាន ដោយស្មើភាពគ្នា និង ប្រកបដោយគុណភាពខ្ពស់។ ហើយការអប់រំសម្រាប់ទាំងអស់គ្នានេះក៏ទាមទារ ក្នុងការផ្តល់នូវអាទិភាព ដល់ សិស្សក្រីក្របានចូលរៀន ចាប់ពីថ្នាក់បឋមសិក្សា ឡើងទៅផងដែរ។
លោកអភិបាលរងខេត្តបានបន្តថា៖ វិស៏យអប់រំគឺជាចំណុច គោលដៅគន្លឹះនៅក្នុងទស្សនៈវិស័យអភិវឌ្ឍន៍យូរអង្វែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អប្រព័ន្ធអប់រំ ដើម្បីឲ្យសេវាអប់រំ កាន់តែជ្រាបចូល ទៅ ដល់តំបន់ជនបទ ដែលពុំមានលទ្ធភាពក្នុងការទទួលបាននូវការអប់រំទូលំទូលាយ និងជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្រកាត់បន្ថយនូវភាពក្រីក្រ។
លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បានចាត់ទុកអាគារសិក្សាថ្មី០២នេះ គឺពិតជាបម្រើសេចក្តីត្រូវការ និងអំពីតម្រូវការចាំបាច់ក្នុងការសិក្សារបស់ក្មួយៗនៅទីនេះ និងជាការឆ្លើយតបបានទាន់ពេលវេលា ស្របតាមគោលដៅ អភិវឌ្ឍន៍សហស្សវត្សកម្ពុជាក្នុងការលើកស្ទួយដល់វិស័យអប់រំកម្ពុជា និងដើម្បីការកសាងនូវធនធានមនុស្សប្រកបដោយសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យ។
លោក អ៊ុយ សុធាវី ក៏បានសំណូមពរនិង អំពាវនាវដល់មាតាបិតានិងអាណាព្យាបាលសិស្សត្រូវបន្តយកចិត្តទុកដាក់ក្នុងការជម្រុញកូនចៅ ឲ្យមករៀនសូត្រឲ្យបានទៀងទាត់ក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ ព្រមទាំងចេះតាមដានពីការសិក្សារបស់សិស្សនិងកូនៗខ្លួនដោយធ្វើយ៉ាងណាឲ្យបានរៀនចប់ថ្នាក់ទី៩ ឲ្យស្របតាមកម្មវិធីអប់រំ សំរាប់កុមារ។ជាមួយគ្នានេះដែរឯកឧត្តមអភិបាលរងខេត្តបាត់ដំបងក៏បានថ្លែងអំណរគុណដល់សប្បុរសជនជប៉ុន និងអង្គការ School Aid Japanផ្ទាល់ ដែ លបានខិតខំកៀគរពីសប្បុរសជន ក្នុងការជួយលើវិស័យអប់រំសិក្សានៅទីនេះនិងបានអំពាវនាវឲ្យបន្តជួយដល់សហគមន៍នៅទីនេះនិងកន្លែងដទៃទៀតក្នុងខេត្តបាត់ដំបង ដើម្បីជម្រុញដល់ការអភិវឌ្ឍន៍រីកចម្រើននូវធនធានមនុស្សឲ្យកាន់តែប្រសើឡើងបន្ថែមទៀត៕