នៅព្រឹកថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង តំណាងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងលោក John Walsh ប្រធានក្រុមកម្មវិធីអាហារូបករណ៍ Australia Awards បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ចែករំលែកព័ត៌មាន និងបែបបបទនានាស្តីពីអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី នៅសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួម មន្ត្រីរាជការសាលាខេត្ត ក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត បុគ្គលិកអង្គការលោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតជាច្រើនរូបផងដែរ។
លោក អ៊ុយ សុធាវី បានថ្លៃងអំណរគុណដល់ លោក John Walsh ប្រធានក្រុមកម្មវិធីអាហារូបករណ៍ Australia Awards ដែលរៀបចំកម្មសិក្ខាសាលាផ្សព្វផ្សាយដ៏មានសារៈសំខាន់នេះនាពេលនេះ ជាឱកាសសម្រាប់មន្ត្រីរាជការ និងក្មួយនិស្សិត ដែលមានបំណងចង់បន្តការសិក្សានៅប្រទេស អាចដាក់ពាក្យស្នើសុំយកអាហារូបណ៍ទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលី ។
លោកអភិបាលរង នៃគណៈអភិបាលខេត្ត បានបន្តទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាព ការកសាងសមត្ថភាព និងការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីបង្កើននូវសមត្ថភាពផ្ទាល់ខ្លួនរបស់មន្ត្រីរាជការ និស្សិត និងបុគ្គលិកអង្គការ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើងផងដែរ៕