រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងបាត់ដំបង ប្រចាំឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តឆ្នាំ២០២០

  • 1.2ពាន់
  • ដោយ Sotheavy

នៅព្រឹកនៅថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងបាត់ដំបង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ នេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ទីប្រឹក្សាសម្តេចក្រឡាហោម លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានសង្កាត់ទាំង ១០ ក្នុងក្រុងបាត់ដំបង និងសមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងជាច្រើនផងដែរ។

បន្ទាប់ពីស្តាប់របាយការណ៍របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងរួមមក ឯកឧត្តម ងួន រតនៈ បានអនុញ្ញាតឱ្យប្រធានក្រុមការងារតាមសង្កាត់នីមួយៗ លើកអំពី បញ្ហាប្រឈម សំណូមពរ ការផ្តល់សេវាផ្សេងៗ និងក្តីកង្វល់បន្ថែម ដែលមិនបានដាក់បញ្ចូលនៅក្នុងរបាយការណ៍ ។

ឯកឧត្តម ហម មន្នី បានលើកឡើងថា ការផ្តល់សេវា និងកិច្ចការងារផ្សេងៗរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់មួយចំនួនមានមន្ត្រីប៉ុស្តិ៍តែ ៣ នាក់ ប៉ុណ្ណោះ ដែលធ្វើឱ្យការងារមួយចំនួនមានភាពយឺតយ៉ាវក្នុងបម្រើសេវានៅមូលដ្ឋាន។

ឯកឧត្តម ងួន រតនៈ បានធ្វើការកោតសរសើរចំពោះលទ្ធផលការងារ ដែលអនុវត្តបានក្នុងឆ្នាំ២០១៩ បើទោះជាមិនទាន់ឆ្លើយតបទៅនឹងសំណូមពរ និងក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានបាន ១០០% ប៉ុន្តែយើងបានធ្វើការដោះស្រាយនូវបញ្ហាមួយចំនួនធំជូនពួកគាត់អំពីសំណូមពរ និងការផ្តល់សេវានានាជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត និងប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងបាត់ដំបង ឱ្យក្រុមការងាររៀបចំតារាងមន្ត្រីនគរបាលតាមបណ្តាសង្កាត់នីមួយៗ ដើម្បីយកពិភាក្សាជាមួយឯកឧត្តមស្នងការដ្ឋាននគរបាលខេត្ត ដើម្បីពិនិត្យលទ្ធភាព។

ឯកឧត្តម បានបន្តទៀតថា បញ្ហាសំរាម អនាម័យ និង សណ្តាប់សាធារណៈ នៅតែជាបញ្ហាសម្រាប់ក្រុងបាត់ដំបង ដែលបងប្អូនមួយចំនួនតូចនៅតែបន្តយកសំរាមមកចោលនៅទីសាធារណៈ និងមានការលក់ដូរមួយចំនួនលើកចញ្ជើមផ្លូវសាធារណៈ ដូច្នេះរដ្ឋបាលក្រុងបាត់ដំបង ត្រូវការណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងធ្វើការផាកពិន័យចំពោះការចោលសំរាមនៅទីសាធារណៈ ព្រមអប់រំដល់បងបនអូន ដែលលក់ដូរនៅលើចញ្ចើមផ្លូវផងដែរ៕

អត្ថបទទាក់ទង