ថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ២៥៦៣ ត្រូវនឹងថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាការគ្រប់គ្រងចំណូលក្នុងតំបន់ទេសចរណ៍ ដែលបានមកពីលក់ប័ណ្ណចូលទស្សនាប្រាសាទបាណន់ ប្រាសាទឯកភ្នំ និងរមណីដ្ឋានភ្នំសំពៅ នៅក្នុងខេត្តបាត់ដំបង ដែលមានអញ្ជើញចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរទេសចរណ៍ខេត្ត លោកប្រធានស្តីទីមន្ទីរវប្បធម៌ និងវិចិត្រសិល្បខេត្ត លោកអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុ លោកនាយកស្តីទីទីចាត់ការអន្តរវិស័យសាលាខេត្ត លោក លោកស្រី អភិបាល អភិបាលរងស្រុក និងអស់លោក លោកស្រីពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តម ងួន រតនៈ បានណែនាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធ ធ្វើការគ្រប់គ្រងចំណូលឱ្យបានត្រឹមត្រូវ និងអនុវត្តតាមគោលណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងធ្វើណែនាំឱ្យរៀបចំតំបន់ទេសចរណ៍ឱ្យមានសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន សោភ័ណ្ឌភាព និងរបៀបរាបរយសាធារណៈ តាមរមណីដ្ឋាននានាក្នុងខេត្ត ។
នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អភិបាលខេត្ត បានពិនិត្យពិភាក្សាការរៀបចំពិធីបុណ្យទន្លេ នៅក្នុងអំឡុងឆ្នាំ២០២០ ខាងមុខនេះផងដែរ។