ព្រឹកថ្ងៃអង្គារ៍ ៨រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំគណៈប្រតិភូខេត្តចូលរួមគោរពវិញ្ញាណក្ខ័ន្ធ លោក ម៉ិល យួង អតីតប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយកទីចាត់ការ ប្រធាន អនុប្រធាន និងមន្ត្រីសាលាខេត្តជាច្រើនរូប។
ឆ្លៀតនៅក្នុងនោះ លោក សឿម ប៊ុនរិទ្ធិ បាននាំយកថវិកា របស់រដ្ឋបាលខេត្តមួយចំនួនប្រគល់ជូនដល់ក្រុមគ្រួសារនៃសពលោក ម៉ិល យួង អតីតប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង និងបាននាំលិខិតចូលរួមរំលែកទុក្ខរបស់រដ្ឋបាលខេត្តផងដែរ។
សូមជម្រាបជូនថា លោក ម៉ិល យួង អតីតប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ៦រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៤:២០ នាទីរសៀល ក្នុងជន្មាយុ ៧៨ ឆ្នាំ ដោយជរាពាធ ពិធីបុណ្យបានប្រារព្ធធ្វើគេហដ្ឋានសពនៅសង្កាត់ស្លាក្លែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។