នារសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំកកោះស្រុកមោងឬស្សី បានអញ្ជើញជួបសំណេះសំណាលនិងចែកសម្លៀកបំពាក់ជូនកងកម្លាំងប្រជាការពារឃុំចំនួនទាំង ១០៨ នាក់ នៅសាលាឃុំកកោះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពរដ្ឋនានាក្នុងខេត្ត និងក្រុមប្រឹក្សាឃុំកកោះ កម្លាំងប្រជាការពារទាំងអស់សម្រាប់ការពារសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋក្នុងឱកាសមុនបុណ្យកាន់បិណ្ឌនិងភ្ជំបិណ្ឌខាងមុខនេះ។
ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំកកោះ ស្រុកមោងឬស្សី មានប្រសាសន៍ថា ដើម្បីចូលរួមការពារផលប្រយោជន៍ និងសន្តិសុខជាតិ ជូនប្រជាពលរដ្ឋយើងនៅក្នុងមូលដ្ឋានយើងបានរស់នៅដោយសុខសប្បាយទាំងអស់គ្នាក្រុមការងារបាននាំយកសម្លៀកបំពាក់ឯកសណ្ឋានប្រជាការពារមកចែកជូននាពេលមាន១០៨នាក់។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានធ្វើការផ្តាំផ្ញើដល់កងកម្លាំងប្រជាការពារទាំងអស់បន្ទាប់ពីបានបំពាក់ឯកសណ្ឋានហើយ ត្រូវចេះស្រលាញ់គ្នា មានសាមគ្គីភាពផ្ទៃក្នុងល្អ ត្រូវសហការជាមួយកងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំដើម្បីការងារសន្តិសុខ សុវត្តិភាពរស់នៅដោយសុខសប្បាយបានគ្រប់ៗគ្នា។
កម្លាំងប្រជាការពារដែលទើបបានទទួលឯកសណ្ឋានប្រជាការពារទាំងអស់បានថ្លែងអំណរគុណដល់ឯកឧត្តមប្រធានក្រុមការងារដែលបានគិតគូដល់សុខទុក្ខ ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងបានជួយដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេលវេលារហូតមកព្រមទាំងបានជួយអភិវឌ្ឍន៍មូលដ្ឋានឲ្យមានការរីកចម្រើនកាន់តែប្រសើរឡើងជាងមុន ជាក់ស្តែងថ្ងៃនេះពួកយើងខ្ញុំបានទទួលឯកសណ្ឋានពាក់សម្រាប់ប្រើប្រាស់ធ្វើការបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសយើងទាំងអស់បាននាំគ្នាចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពឲ្យបានល្អប្រសើឡើងផងដែរ៕