រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

កិច្ចប្រជុំរវាងគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា(គណៈកម្មការទី១) នៃរដ្ឋសភា ជាមួយរដ្ឋបាលខេត្តបាត់ដំបង

  • 2.5ពាន់
  • ដោយ Sotheavy

ព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ដើម្បីស្វែងយល់អំពីការរីកចម្រើនរបស់ខេត្ត និងយន្តការដោះស្រាយករណីទំនាស់ដីធ្លី។

ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត បានស្វាគមន៍ និងមានកត្តិយសយ៉ាងក្រៃលែង ដោយបានទទួលគណៈប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា ព្រមទាំងរាយការណ៍សង្ខេបជូនគណៈប្រតិភូ។ រដ្ឋបាលខេត្តដោយមានការគិតគូរយកចិត្តទុកដាក់តម្រង់ទិសណែនាំពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើឱ្យខេត្តបាត់ដំបង បោះជំហានទៅមុខយ៉ាងឆាប់រហ័សក្នុងការអភិវឌ្ឍខេត្ត ធានាបានភាពរឹងមាំនូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមដែលជាមូលដ្ឋានគ្រឹះ រួមចំណែកការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម អភិបាលខេត្តបានជម្រាបជូនគណៈកម្មការទី១ នៃរដ្ឋសភា អំពីលទ្ធផលនៃការដោះស្រាយបណ្តឹងករណីវិវាទដីធ្លីរបស់ប្រជាពលរដ្ឋ រដ្ឋបាលខេត្តបានធ្វើការសម្របសម្រួលដោះស្រាយទំនាស់សរុបចំនួន ២០៩ ករណី ក្នុងនោះកំពុងដំណើរការនៅយន្តការដោះស្រាយថ្នាក់ក្រុង ស្រុក ចំនួន ១០៦ ករណី យន្តការដោះស្រាយថ្នាក់ខេត្ត មន្ទីរ ចំនួន ៧២ ករណី និងបានដោះស្រាយបញ្ចប់ចំនួន ៣១ ករណី។

ឯកឧត្តម ងួន រតនៈ បានបន្តទៀតថា នៅការដោះស្រាយករណីទំនាស់ធំៗ ដែលមាលក្ខណៈស្មុគស្មាញមានចំនួន ០៧ បានដោះស្រាយបញ្ចប់ ០២ ករណី ហើយនៅសល់ចំនួន ៥ ករណី បាននឹងកំពុងដំណើរការនីតិវិធីនៅក្នុងយន្តការគណៈកម្មការសុរិយោដីថ្នាក់ខេត្ត។

សូមជម្រាបជូនថា នៅក្នុងកិច្ចប្រជុំរវាងគណៈកម្មការរដ្ឋសភាជាមួយរដ្ឋបាលខេត្ត ក៏មានការសាកសួរសំនួរមួយចំនួនពាក់ព័ន្ធនឹងយន្តការនៃការដោះស្រាយទំនាស់របស់រដ្ឋបាលខេត្ត។

ក្រោយពីគណៈប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈប្រតិភូ បានជួបពិភក្សាស្វែងយល់រួច បានបន្តដំណើរទស្សនៈកិច្ចក្រុមហ៊ុន បាត់ដំបង ខនស៍ ស៊ីមេន ខមភេនី លីមីធីត ដែលស្ថិតនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

លោកតំណាងក្រុមហ៊ុន បានរាយការណ៍អំពីសង្វាក់ផលិតកម្ម និងសមិទ្ធផលដែលក្រុមហ៊ុនបានរៀបចំសាងសង់នឹងបានសម្ពោធដាក់ឱ្យដំណើរការសាងសង់ជាផ្លូវការនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ព្រមទាំងបានបំពាក់តំឡើងគ្រឿងបរិក្ខាពាក់ព័ន្ធនឹងខ្សែសង្វាក់ផលិតកម្មបានចប់ជាស្ថាពរ និងទទួលបានជោគជ័យ ។

លោកតំណាងក្រុមហ៊ុនបានជម្រាបជូនថា គម្រោងវិនិយោគរបស់ក្រុមហ៊ុនក្នុងទឹកប្រាក់ចំនួន ២៣០ លានដុល្លារអាមេរិក និងសមត្ថភាពផលិតស៊ីម៉ងត៍ ៥០០០តោនក្នុងមួយថ្ងៃ។

កិច្ចប្រជុំនេះមានការអញ្ជើញពី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង និងមន្ត្រីពាក់មួយចំនួនទៀត។

អត្ថបទទាក់ទង