រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីកាត់ប្ញសសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តឥទ្ទមុនីរុក្ខារាម ហៅវត្តអូរដូនពៅ

ព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីកាត់ប្ញសសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តឥទ្ទមុនីរុក្ខារាម ហៅវត្តអូរដូនពៅ ស្ថិតនៅឃុំឃ្លាំងមាស ស្រុកបវេលខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា ក្នុងអំឡុងឆ្នាំ១៩៩៩ ដោយមើលឃើញពីស្ថានភាពនៅភូមិអូរដូនពៅនេះមិនទាន់មានវត្ត ទើបព្រះតេជគុណ ព្រះនាម សាយ ម៉ៅ ដែលនិមន្តមកពីវត្តក្សត្រីយ៍ក្ដុល ឃុំក្ដុលតាហែន បានដឹកនាំផ្ដួចផ្ដើមកសាងវត្តនេះឡើង រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ ដោយដាក់ឈ្មោះវត្តនេះថា វត្តមាហវរសេនាវិសត្យារាម ហៅវត្តអូរដូនពៅ ស្ថិតលើផ្ទៃដីទំហំ ២៩.១៥៦ម៉ែត្រការ៉េ ។
លុះក្រោយមកវត្តអូរដូនពៅក៏បានប្តូរឈ្មោះទៅជា “វត្តឥន្ទមុនី រុក្ខារាម” ហៅវត្តអូរដូនពៅ រហូតមកដល់សព្វថ្ងៃនេះ តាមព្រះរាជយោបល់របស់សម្តេចអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស នៅពេលដែលសម្តេចបានយាងឆ្លងកាត់សម្រាកព្រះកាយនៅទីនេះ។
ចាប់ពីឆ្នាំ១៩៩៩ រហូតមកដល់ឆ្នាំ២០២៤ វត្តឥន្ទមុនី រុក្ខារាម ហៅវត្តអូរដូនពៅ ត្រូវបានដំណើរការកសាងវត្តឆ្លងកាត់ ចៅអធិការវត្ត អស់៤ជំនាន់ មកហើយគឺ ៖
១-ព្រះតេជគុណ សាយ ម៉ៅ ផ្តើមកសាងវត្តដំបូង ដោយបុកគ្រឹះ ចាក់ជើងគ្រុឌ ចាក់ធ្នឹមព្រះវិហារក្នុងដីបាន១៥%។
២-ព្រះតេជគុណ ជា ប៊ុនស្មើ កសាងបន្ត ចាក់ធ្នឹមលើ បណ្តុះសសរ រៀបជញ្ជាំង ចាក់ប្លង់សេ បាន២៥%។
៣-ព្រះតេជគុណ សួន ប៊ុន កសាងបន្តជាមួយអាចារ្យ គណៈកម្មការវត្តធ្វើត្រៃសូរដាក់ព្រះអង្គធំ បល្ល័ង្គ និងទ្វារបាន ១០%។ប៉ុន្តែដោយមានកង្វះខាតថវិកាសាងសង់ ធ្វើឲ្យដំណើរការនៃការសាងសង់ព្រះវិហារត្រូវបានផ្អាកអស់មួយរយៈ។ លុះដល់ឆ្នាំ២០១៤ ព្រះគ្រូ ឥន្ទមុនី មុនីសីលញាណ ពេជ្រ ភិរុណ បាននិមន្តមកដឹកនាំសាងសង់បង្ហើយព្រះវិហារនិងបន្តកសាងនូវសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀត រហូតរួចជាស្ថាពរ១០០% នៅក្នុងឆ្នាំ២០២៤នេះ) ដោយចំណាយការសាងសង់ព្រះវិហារសរុប ៤៥៦.៥៩០ដុល្លារសហរដ្ឋអាមេរិក ៕

អត្ថបទទាក់ទង