រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង

  • 82
  • ដោយ teavvisal

នៅព្រឹក ថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង នៅសាលប្រជុំអគារ E សាលាខេត្តបាត់ដំបង ។
ក្នុងនោះឯកឧត្តម សុខ លូ បានធ្វើការណែនាំក្នុងន័យបញ្ជាដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សហការជាមួយមន្ត្រីជំនាញ ត្រូវធ្វើការបង្រ្កាបចំពោះអ្នករំលោភដីថ្មី ក្នុងដែនព្រៃលិចទឹកតំបន់៣ នៃដែនសមត្ថកិច្ចរបស់ខ្លួន ក៏ដូចជាការបង្រ្កាបបទល្មើសនេសាទ ក្នុងតំបន់បឹងទន្លេសាប និងតំបន់ផ្សេងៗទៀតឱ្យបាន ដើម្បីថែរក្សាការពារសម្បត្តិធម្មជាតិរបស់ជាតិឱ្យបានគង់វង្ស ។
ឯកឧត្តម បានបញ្ជាក់ថា បញ្ហានៃបទល្មើសកាប់ទន្រ្ទានដីថ្មីនៅតំបន់៣ គឺមានការពាក់ព័ន្ធនឹងស្រុកចំនួន ៤ ប៉ុណ្ណោះ ដែលមានព្រំដែនជាប់តំបន់បឹងទន្លេសាប គឺស្រុកមោងឫស្សី សង្កែ ឯកភ្នំ និងស្រុកថ្មគោល កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានសម្រេចធ្វើការកាត់ឆ្វៀលដីតំបន់៣ ទាំងនោះ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋសម្រាប់អាស្រ័យផលយ៉ាងណាក៏ដោយ តែនៅតែមានអ្នកចូលទៅកាប់ទន្ទ្រានបំផ្លាញព្រៃតំបន់៣ ដែលត្រូវមានការបង្រ្កាបឱ្យបានទាន់ពេលវេលា និងមិនមានការយោគយល់ មិនមានការលើកលែងឡើយ ដើម្បីការពារធនធានធម្មជាតិព្រៃលិចទឹក និងជីវៈចម្រុះផ្សេងៗរបស់ជាតិឱ្យបានគង់វង្ស ។
ដោយឡែកពាក់ព័ន្ធនឹងបទល្មើសនេសាទ ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានធ្វើការដាក់ជាបទបញ្ជាឱ្យចុះធ្វើការបង្ក្រាបជាបន្ទាន់នូវបទល្មើសនេសាទខុសច្បាប់ទាំងនៅតំបន់បឹងទន្លេសាប ទាំងនៅតំបន់អាងកំពីងពួយ អាងភាសន៍ និងតំបន់ទំនប់ស្ទាក់ទឹកសំខាន់នៅតាមដងស្ទឹងសង្កែគឺទំនប់ស្ទាក់ទឹកពហុបំណងសេកសក ទំនប់កង្ហត ដែលត្រូវបានអ្នកនេសាទប្រើប្រាស់អាគុយឆក់ត្រី ដែលករណីនេះបានធ្វើឱ្យវិនាសបាត់បង់នូវជីវៈចម្រុះឬមច្ឆជាតិទាំងពេលបច្ចុប្បន្ន និងតទៅអនាគត ក្នុងករណីនេះត្រូវតែបង្រ្កាបឱ្យបាននិងគ្មានការលើកលែងឡើយ ។
ក្រៅពីដាក់ផែនការឱ្យបង្រ្កាបល្មើសកាប់ទន្ទ្រានព្រៃលិចទឹកតំបន់៣និងបទល្មើសនេសាទខុសច្បាប់ នៅមានបញ្ហាជាច្រើនទៀត ដែលត្រូវយកចិត្តទុកដាក់រួមគ្នាធ្វើ គឺការបន្តសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយយកចិត្តទុកដាក់ពង្រឹងវិធានការបង្ការទប់ស្កាត់ និងបង្ក្រាប ជាពិសេសនៅតាមទីជនបទ ផ្ទះសំណាក់ សណ្ឋាគារ ក្លឹបកម្សាន្តនិងទីតាំងសិប្បកម្មមួយចំនួន ដើម្បីបង្ការការកែច្នៃគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបន្តពង្រឹងវិធានការបង្ការទប់ស្កាត់ បញ្ហាល្បែងស៊ីសង ក្មេងទំនើង ការជួញដូរមនុស្ស ឱ្យកាន់តែខ្លាំងក្លាថែមទៀត ដោយយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាព ក្នុងសកម្មភាពជួញដូរពលករឆ្លងដែន និងចំណាកស្រុកខុសច្បាប់ និង កិច្ចការសំខាន់ៗជាច្រើនទៀត ៕

អត្ថបទទាក់ទង