នៅរសៀលថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ២២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាគណៈអធិបតីភាព ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២៤របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅឯសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានណែនាំដល់អាជ្ញាធរដែនដី សមត្ថកិច្ច មន្ទីរជំនាញពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ ការលំបាកក្នុងជីវភាពរស់នៅរបស់បងប្អូន ក្រុមគ្រួសារអតីតយុទ្ធជនឱ្យបានល្អថែមទៀត ជាពិសេសមេប៉ុស្តិ៍រដ្ឋបាល មេឃុំ ចៅសង្កាត់ ត្រូវចាត់មន្ត្រីរបស់ខ្លួនណាម្នាក់ឱ្យកាន់ការងារអតីតយុទ្ធជន និងក្តាប់ស្ថានភាពជីវភាពរស់នៅរបស់បងប្អូនអតីយុទ្ធជន ឱ្យបានច្បាស់លាស់ ដើម្បីធានាថា គ្រួសារអតីតយុទ្ធជនទទួលបាននូវការយកចិត្តទុកដាក់ និងភាពកក់ក្តៅពីប្រមុខរាជរដ្ឋាភិបាលពីព្រោះការលះបង់សាច់ស្រស់ឈាមស្រស់របស់បងប្អូនអតីតយុទ្ធជន មានគុណបំណាច់មិនអាចកាត់ថ្លៃបានឡើយ ចំពោះប្រជាជនកម្ពុជាក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ ។
នាយឧត្តមសេនីយ៍ គន់ គីម ណែនាំឱ្យសមាគមអតីតយុទ្ធជនខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ព្រមទាំងអាជ្ញាធរដែនដី និងមន្ទីរ-អង្គភាពដែលមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវឧស្សាហ៍ចុះជួបនិងក្ដាប់បញ្ហាតម្រូវការនានារបស់បងប្អូនគ្រួសារអតីតយុទ្ធជន ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា ជាពិសេសកិច្ចការផ្ដល់សេវាសាធារណៈ សេវាតម្រូវការជូនបងប្អូន ឱ្យបានល្អប្រសើរ តួយ៉ាងនៅក្នុងការប្រើប្រាស់ប័ណ្ណ ប.ស.ស ក្នុងការទៅពិនិត្យ និងព្យាបាលជំងឺនៅ តាមមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ និងនៅក្នុងការអនុវត្តគោលនយោបាយគាំពារសង្គមផ្សេងៗទៀត ដែលជាប្រយោជន៍សម្រាប់គ្រួសារអតីតយុទ្ធជន ៕