រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

មហាសន្និបាតបញ្ចប់អាណត្តិទី៤ និងបន្តជ្រើសតាំងសមាសភាពគណៈកម្មាធិការប្រតិបត្តិ សម្រាប់អាណត្តិទី៥ របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា

នៅព្រឹកថ្ងៃសៅរ៍ ៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមមហាសន្និបាតបញ្ចប់អាណត្តិទី៤ និងបន្តជ្រើសតាំងសមាសភាពគណៈកម្មាធិការប្រតិបត្តិ សម្រាប់អាណត្តិទី៥ របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានកិត្តិយសសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ។
សហព័ន្ធមានឈ្មោះថា “សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា” អក្សរកាត់ ”ស.ទ.ក.រ.ក” ត្រូវបានបង្កើតឡើងនាថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៩៨។ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា រួមមាន៖ ទូកកានូ ទូករ៉ូអ៊ីង និងទូកប្រពៃណី “ទូកនាគ”។ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ទទួលស្គាល់ដោយសហព័ន្ធកីឡាទូកអន្តរជាតិ ទូកកានូ ទូករ៉ូអ៊ីង និងសហព័ន្ធទូកនាគអន្តរជាតិ (International Dragon Boat Federation (IDBF))។ សហព័ន្ធបានរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ និង “ពានរង្វាន់សម្តេចក្រឡាហោម ស ខេង“ សហព័ន្ធលើកទី១០ ចាប់ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៣ នៅដងស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
អញ្ជើញមានប្រសាសន៍បើកមហាសន្និបាតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង មានសេចក្តីសោមនស្សរីករាយរំភើបក្រៃលែងដែលបានចូលរួមជាអធិបតីក្នុងឱកាសបើកមហាសន្និបាតបញ្ចប់អាណត្តិទី៤ និងបន្តអាណត្តិទី៥ (ឆ្នាំ២០២៤ ដល់ ២០២៨) របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។
ក្នុងនាមប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា សម្តេចបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានដ៏ឧត្តុងឧត្តមរបស់ សមាជិក សមាជិកា នៃអង្គមហាសន្និបាតបញ្ចប់អាណត្តិចាស់ ដើម្បីបន្ត អាណត្តិថ្មីខាងមុខ។ សកម្មភាពទាំងនេះពិតជាការគោរព និងអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យ ដែលមានចែងក្នុងលក្ខន្តិកៈរបស់សហព័ន្ធ ដើម្បីបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់សហព័ន្ធ និងតម្លាភាពរបស់អង្គការសង្គមមួយ ទទួលបានការអនុញ្ញាតពីអាជ្ញាធរកីឡាជាតិ និងការទទួលស្គាល់ពីអង្គការកីឡាអន្តរជាតិ ផងដែរ។ អង្គមហាសន្និបាត សមាជិក សមាជិកា នឹងបានស្តាប់ ចូលរួមវាយតម្លៃលើរបាយការណ៍ការងារក្នុងអាណត្តិកន្លងមក និងផែនការដាក់ទិសដៅ ភារកិច្ច សម្រាប់អាណត្តិបន្ត ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ឆ្ពោះទៅរកភាពជោគជ័យ ។
សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សង្ឃឹម និងជឿជាក់ថា សមាជិក សមាជិកា នៃអង្គមហាសន្និបាត នឹងបានចូលរួមពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា ដោយស្មារតីទទួលខុសត្រូវខ្ពស់ប្រកបដោយសាមគ្គីភាព មិត្តភាព ដើម្បីវាយតម្លៃ និងអនុម័តលើរបាយការណ៍សកម្មភាព ក៏ដូចជារបាយការណ៍ហិរញវត្ថុក្នុងអាណត្តិកន្លងមក និងការដាក់ផែនការទិសដៅ ជាយុទ្ធសាស្ត្រសម្រាប់អាណត្តិបន្ត ឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត ។
ក្នុងនាមប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា និងក្នុងនាមជាប្រធានអង្គមហាសន្និបាត សម្តេចក្រឡាហោម ស ខេង បានប្រកាស "បើក" "មហាសន្និបាតបញ្ចប់អាណត្តិទី៤ និងបន្តអាណត្តិទី៥ ឆ្នាំ ២០២៤ ដល់២០២៨ របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា" ចាប់ពីពេលនេះតទៅ និងសូមជូនពរឲ្យដំណើរការ នៃអង្គមហាសន្និបាតទាំងមូលប្រព្រឹត្តិទៅប្រកបដោយលទ្ធផលជាផ្លែផ្កា និងទទួលបានជោគជ័យជាស្ថាពរ។
បន្ទាប់ពីស្តាប់របាយការណ៍បូកសរុបការងារអាណត្តិទី៤ និងលើកទិសដៅការងារអាណត្តិទី៥ របស់ឯកឧត្តមបណ្ឌិត មាស សារិន គណៈកម្មាធិការប្រតិបត្តិសហព័ន្ធអនុប្រធានអចិន្ត្រៃយ៍ មតិយោបល់របស់អង្គមហាសន្និបាតរួចមក សម្តេចក្រឡាហោម ស ខេង ប្រធានអង្គមហាសន្និបាត បានអញ្ជើញមតិបូកសរុបមហាសន្និបាត។ សម្តេចមានប្រសាសន៍ថា ដំណើរការមហាសន្និបាតបញ្ចប់អាណត្តិទី៤ និងឈានបន្តអាណត្តិទី៥ (២០២៤-២០២៨) របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្មារតីមិត្តភាព សាមគ្គីភាពខ្ពស់។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បន្តថា អង្គមហាសន្និបាតពិភាក្សាផ្តល់យោបល់ និងបានអនុម័ត ៖
១- អនុម័តលើរបាយការណ៍សកម្មភាពរបស់សហព័ន្ធក្នុងអាណត្តិកន្លងមក និងបានឯកភាពលើទិសដៅយុទ្ធសាស្រ្តសំខាន់ៗ ទៅបន្តអាណត្តិថ្មី ។
២- អនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ និងបង្ហាញពីសម្បត្តិរបស់សហព័ន្ធ ។
៣- អនុម័តការធ្វើវិសោធនកម្ម លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធសម្រាប់អាណត្តិទី៥ ឆ្នាំ (២០២៤ ដល់២០២៨) ។
៤- អនុម័ត និងផ្តល់សេចក្តីទុកចិត្តលើសមាសភាពគណៈកម្មាធិការប្រតិបត្តិថ្មី ។
តាមលទ្ធផលខាងលើ អង្គមហាសន្និបាតបានអនុម័ត និងសម្រេចជូនសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាប្រធានកិត្តិយស “សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា” និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន “សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា” សម្រាប់អាណត្តិទី៥។
សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានកិត្តិយស “សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា” សង្ឃឹមថា គណៈកម្មាធិការប្រតិបត្តិថ្មី នឹងបន្តដឹកនាំ “សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា” ឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យថ្មីៗថែមទៀត៕

អត្ថបទទាក់ទង