ថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ កិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ ២០២៣ និងលើកទិសដៅអនុវត្តន៍បន្តឆ្នាំ២០២៤ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រី ជាហិរញ្ញិក លេខាធិការ សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាក្រុងស្រុក នាយក នាយករង និង មន្ត្រីក្រុមប្រតិបត្តិសាខា សរុបចំនួន ៣៣នាក់ ស្រី៥នាក់ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ។
អង្គប្រជុំ មានរបៀបវារៈរួមមាន៖
១. ពិនិត្យ និងអនុម័តរបាយការណ៍សង្ខេប ស្តីពីលទ្ធផលសកម្មភាពការងារ ឆ្នាំ ២០២៣ និងទិសដៅការងារបន្ត របស់សាខា ឆ្នាំ ២០២៤
២. ពិនិត្យ និងអនុម័តរបាយការណ៍ ស្តីពីចំណូល ចំណាយ របស់សាខា ឆ្នាំ ២០២៣
៣. ពិនិត្យពិភាក្សា និងអនុម័តលើផែនការអភិវឌ្ឍសកម្មភាពការងារ របស់សាខា ឆ្នាំ ២០២៤។
ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខា ពិសេសសេចក្តីនឹករលឹក និងការផ្តាំសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា រួមទាំងមន្ត្រីក្រុមប្រតិបត្តិ មន្ត្រីប្រចាំការ តាមអនុសាខាក្រុង ស្រុក ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មធ្វើជាសេនាធិការអោយគណៈកម្មាធិការសាខា អនុសាខាថ្នាក់ខ្លួន ក្នុងការដឹកនាំជំរុញធ្វើអោយវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជារួមមាន ៖១-ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ២-សុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍ ៣-ការលើកកម្ពស់គោលការណ៍គ្រឹះតម្លៃមនុស្សធម៌និងវប្បធម៌អហិង្សា និង ៤-ការអភិវឌ្ឍស្ថាប័នរយៈពេលពេញ១ឆ្នាំ២០២៣កន្លងទៅ ក្នុងស្ថានភាពដែលកម្ពុជារក្សាបានរឹងមាំនូវសន្តិភាពស្ថិរភាពនយោបាយសន្តិសុខសណ្តាប់សាធារណះនិងសុវត្ថិភាពសង្គម បានបង្កលក្ខណះអនុគ្រោះអោយសាខាអនុសាខាម្ចាស់ការ ក្នុងការផ្តល់សេវាកម្មមនុស្សធម៌រហូតសម្រេចបានលទ្ធផល គួរជាទីមោទនភាពពិសេសការជំរុញសកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៅថ្នាក់សាខាក្នុងការលើកកំពស់សុខភាព មាតា ទារក និងកុមារ -ការអប់រំទប់ស្កាត់ឆ្ពោះទៅបញ្ចប់ជម្ងឺអេដស៍- ការអប់រំផ្សព្វផ្សាយ ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក- ការបណ្តុះបណ្តាលជាមូលដ្ឋាន និង វិជ្ជាសង្រ្គោះបឋម ដល់យុវជន អ្នកស្ម័គ្រចិត្ត កក្រក - ការអភិវឌ្ឍន៍ស្ថាប័ន - ការផ្តល់ជំនួយសង្រ្គោះផ្តល់អំណោយមនុស្សធម៌ជូនជនរងគ្រោះនិងជនងាយរងគ្រោះ បានទាន់ពេលវេលា ស្របតាមទិសស្លោក" កាកបាទក្រហមកម្ពជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា - មិនទុកនរណាម្នាក់ចោល " ។
គូសបញ្ជាក់ថា ៖ ក្នុងឆ្នាំ២០២៣នេះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះចំនួន៤,១៩២ គ្រួសារស្មើនឹង១៤,១២៥នាក់ស្រី ៦,៨៦២នាក់(១៧០លើក) មកពីភូមិ ចំនួន៦១៨ភូមិ និងឃុំសង្កាត់ ចំនួន ២៦៤ ក្នុងខេត្តបាត់ដំបងបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងក្នុងនោះអំណោយរបស់កាកបាទក្រហមកម្ពុជា ថ្នាក់កណ្តាលចំនួន ១,០១១គ្រួសារ អំណោយរបស់សាខាខេត្តផ្ទាល់ ចំនួន២,៦១០គ្រួសារ(ប្រគល់ផ្ទះ២ខ្នង) និង អំណោយរបស់អនុសាខាក្រុងស្រុកផ្ទាល់ចំនួន៥៧១ គ្រួសារ ក្នុងខេត្តបាត់ដំបង ។
ឯកឧត្តម សុខ លូ បានក្រើនរំលឹក និងជម្រុញ អំពីការងារមួយចំនួនសម្រាប់អនុវត្តបន្ត ពិសេស ត្រូវត្រៀមគ្រប់លក្ខណះ ទាំងកម្លាំង មធ្យោបាយ ស្បៀង សម្ភារៈ ទាំង ថវិកា សម្រាប់ការឆ្លើយតបគ្រោះមហន្តរាយផ្សេងៗបានភ្លាមៗទាន់ពេលវេលា ហើយត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាអោយការផ្តល់សេវាកម្មមនុស្សធម៌កាន់តែប្រសើរជាងមុន ជួយអ្នកងាយរងគ្រោះបានច្រើនជាងមុន និងប្រសិទ្ធភាពខ្ពស់ រួមជាមួយការកសាងកម្លាំង បណ្តាញនៅមូលដ្ឋានឲ្យកាន់តែរឹងមាំដើម្បីចូលរួមកសាងភាពធន់នឹងភាពរីកចម្រើននៅសហគមន៍-បន្តសហការចុះអប់រំផ្សព្វផ្សាយអំពីការលើកកំពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យជាតិ សំខាន់ៗ រួមជាមួយ ការខិតខំ ជំរុញការបណ្ដុះបណ្ដាលជាមូលដ្ឋាន ការពង្រឹងសមត្ថភាព ជូនមន្ត្រី យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលជាប្រតិបត្តិករ និងជាកម្លាំងចលករ មិនអាចខ្វះបាន ក្នុងការអនុវត្តន៍វិស័យអាទិភាពទាំង ៤ តាម យុទ្ធសាស្ត្រ ២០២១- ២០៣០ របស់កាកបាទក្រហមកម្ពុជា។ ទន្ទឹមនោះ ត្រូវពង្រឹងការគ្រប់គ្រងមូលនិធិ គ្រប់គ្រង ចំណូល ចំណាយ ទាំងថ្នាក់សាខា និង អនុសាខា រួមជាមួយការទូទាត់ អោយមាន តម្លាភាព និងគណនេយ្យភាព ។