រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបាត់ដំបង

នាព្រឹកថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបាត់ដំបង នៅឯសាលប្រជុំអគារ E សាលាខេត្តបាត់ដំបង ។
ឯកឧត្តម សុខ លូ បានប្រសាសន៍ថា សម្រាប់កិច្ចប្រជុំលើកនេះ នឹងលើកយកប្រធានបទសំខាន់ៗចំនួន៥ រួមមាន ១.ការគ្រប់គ្រងសំរាម សំណល់រឹង និងរាវ ២.ការរៀបចំ និងការគ្រប់គ្រងសំណង់មិនរៀបរយ ៣.ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ៤.ការរៀបចំក្រុងបាត់ដំបង ក្នុងការចូលរួមអនុវត្តគម្រោងទីក្រុងឆ្លាតវៃ (SMART CITY) និងទី៥.ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលប្រធានបទទាំង៥នេះ នឹងបានវាយតម្លៃឆ្លុះបញ្ចាំងកាន់តែមានភាពច្បាស់លាស់ទៅលើស្ថានភាពនៃការអនុវត្តការងារជាក់ស្តែង និងបញ្ហាប្រឈមនានា ដែលនៅសេសសល់ ដើម្បីរួមគ្នាធ្វើការពិភាក្សាស្វែងរកដំណោះស្រាយ និងកំណត់ទិសដៅសម្រាប់ឈានទៅអនុវត្តការងារ ជាពិសេសលើផែនការវិនិយោគ និងការអភិវឌ្ឍខេត្តបាត់ដំបង កាន់តែទទួលបានជោគជ័យ ។
ឯកឧត្តម បានចាត់ទុកថា នេះគឺជាមូលដ្ឋានគ្រឹះសម្រាប់រួមគ្នាផ្តល់នូវគំនិតយោបល់ជាធាតុចូលសំខាន់ៗ និងបទពិសោធន៍ការងារល្អៗ ព្រមទាំងពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររបស់រដ្ឋបាលខេត្តបាត់ដំបង ដែលអនុវត្តក្នុងឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដែលជាមូលដ្ឋានសម្រាប់បន្តអនុវត្តការងារ ឱ្យទទួលបានជោគជ័យ ។
ឯកឧត្តម បានបញ្ជាក់ថា តាមរយៈប្រធានបទទាំង៥នេះនឹងបានមកវិញ គឺការបំពេញបន្ថែមនូវចំណុចខ្វះខាត ក៏ដូចជាការឆ្លុះបញ្ចាំងអំពីការអនុវត្តតួនាទី ភារកិច្ច ការផ្លាស់ប្តូរដកស្រង់បទពិសោធន៍ការងារពីគ្នាទៅវិញទៅមក សម្រាប់ជាមូលដ្ឋានធ្វើការពិនិត្យពិចារណា វាយតម្លៃដើម្បីកែលម្អ សំដៅលើកកម្ពស់សមត្ថភាព គុណភាពការងារឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ។
ឯកឧត្តម សុខ លូ បានលើកបង្ហាញថា មកដល់ពេលនេះ យើងទាំងអស់គ្នាមានមោទនភាពជាខ្លាំងចំពោះសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ ដែលសម្រេចបានតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិ ដោយមានការអភិវឌ្ឍលើគ្រប់វិស័យ ការរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមបានល្អ ពង្រឹងបាននូវលទ្ធិប្រជាធិបតេយ្យនៅក្នុងសង្គមជាតិទាំងមូល ការកាត់បន្ថយភាពក្រីក្រ និងធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា រស់នៅបានសុខក្សេមក្សាន្តសុខដុមរមនាជាមហាគ្រួសារតែមួយ ជាពិសេសបានដឹកនាំប្រទេសជាតិឆ្លងកាត់បញ្ហាវិបត្តិធំៗជាច្រើន ដូចជាវិបត្តិនៃជំងឺកូវីដ១៩ វិបត្តិក្រោយជំងឺកូវីដ១៩ និងការប្រែប្រួលនៃសភាពការអន្តរជាតិជាដើម ។
ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានបញ្ជាក់យ៉ាងច្បាស់ថា តាមរយៈនៃអង្គសន្និបាតនេះ រដ្ឋបាលខេត្ត បានប្ដេជ្ញាចិត្តរួមគ្នាយ៉ាងមុតមាំ ក្នុងការបន្តគាំទ្រយ៉ាងពេញទំហឹងអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានដាក់ចេញនូវបញ្ចកោណទាំងប្រាំ រួមមាន៖ ការអភិវឌ្ឍធនធានមនុស្ស ពិពិធកម្មសេដ្ឋកិច្ច បង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍដោយភាពធន់ ចីរភាព និងបរិយាប័ន្ន សេដ្ឋកិច្ច និងសង្គមឌីជីថល ព្រមទាំងមានការកំណែទម្រង់ពង្រឹងអភិបាលកិច្ចល្អ និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ជាស្នូលនៃយុទ្ធសាស្ត្រ ហើយក្នុងដំណាក់កាលដំបូងនៃការអនុវត្តយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាលបានកំណត់យកមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាជាវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ៕

អត្ថបទទាក់ទង