រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែឧសភា ឆ្នាំ២០២៣

នៅព្រឹកថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែឧសភា ឆ្នាំ២០២៣ នៅឯសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។
នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមដោយលោកអភិបាលរងខេត្ត លោកអភិបាល ក្រុងស្រុកទាំង១៤ កងកម្លាំងប្រដាប់អាវុធ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្ដីរាជការដែលពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់តាមរយៈជាសារសំឡេងដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ទាំងអស់ត្រូវធ្វើការចុះបង្រ្កាបបន្ទាន់ដល់ពួកខិលខូច ដែលបានធ្វើសកម្មភាព ក្នុងការកាប់ទន្ទ្រានយកដីធ្លីរបស់រដ្ឋ ដែលជាសម្បត្តិធនធានរបស់ជាតិ ហើយត្រូវឱ្យតាមចាប់យកមេខ្លោងទាំងឡាយ យកមកផ្ដន្ទាទោសតាមច្បាប់ ។ ឯកឧត្តម បានដាក់បញ្ជាផ្ទាល់ឱ្យសមត្ថកិច្ចនិងអង្គភាពពាក់ព័ន្ធទាំងអស់ ចុះស្រាវជ្រាវស្វែងរកមុខមេខ្លោងលួចកាប់បំផ្លាញព្រៃឈើទាំងនោះឱ្យបាន បើទោះបីជាយ៉ាងណាក៏ដោយ
ត្រូវតែរកឱ្យឃើញ ដែលកន្លងមកចាប់បានតែអ្នកតូចតាចប៉ុណ្ណោះ អ្វីដែលសំខាន់សូមឱ្យខិតខំទាំងអស់គ្នា ដើម្បីរួមគ្នាការពារថែរក្សាព្រៃឈើឱ្យបានគង់វង្ស ។
ឯកឧត្តម បានបញ្ជាក់ថា យើងមិនត្រឹមតែចុះបង្រ្កាបចំពោះអ្នកកាប់ទន្ទ្រានព្រៃឈើប៉ុណ្ណោះទេ តែការកាប់ទន្ទ្រានព្រៃលិចទឹកតំបន់៣ នៅបឹងទន្លេសាប ក្នុងនាមអាជ្ញាធរនិងសមត្ថកិច្ចទាំងអស់ ត្រូវតែបន្តធ្វើការបង្រ្កាបជារៀងរហូតផងដែរ ក្នុងនោះមន្ទីរជំនាញពាក់ព័ន្ធដូចជាមន្ទីរបរិស្ថានខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ត្រូវបន្តការដាក់ទីបញ្ជាការស្រាលនៅតាមគោលទាំងនោះឱ្យបានដូចមុន ដើម្បីនៅឃ្លាំចាំមើលគ្រប់សកម្មភាពនៃទាំងនោះ បើមានជួបនឹងបទល្មើស
ត្រូវឆាប់រាយការណ៍ដើម្បីចុះបង្រ្កាបឱ្យបានទាន់ពេលវេលា កុំឱ្យទុកយូរ ។
សូមបញ្ជាក់ថា តាមរយៈកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានសន្និដ្ឋាននិងវាយតម្លៃថា ក្នុងខែឧសភា នេះ បទល្មើសព្រហ្មទណ្ឌកើតឡើង១៦លើក រីឯលទ្ធផលបង្ក្រាបបាន១០០% នៃចំនួនបទល្មើសកើតឡើង ។
ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់បានបន្តជំរុញយ៉ាងសកម្ម គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក៏ត្រូវបានដំណើរការនៅគ្រប់មូលដ្ឋាន ដែលបានរួមចំណែកយ៉ាងមានប្រសិទ្ធភាព ក្នុងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើស និងធានាបានសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងនោះនៅមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវទាមទារឱ្យមានការរួមសហការគ្នាត្រួតពិនិត្យគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តឱ្យបានតឹងរ៉ឹងបំផុតនូវវិធានការច្បាប់ ។
ក្នុងនោះឯកឧត្តមក៏បានធ្វើការណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវបន្តនូវបញ្ហាបទល្មើសគេចពន្ធគ្រប់ប្រភេទដោយឱ្យខុសច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ និងបន្តចុះបង្រ្កាបបទល្មើសគ្រឿងញៀនជាបន្តបន្ទាប់ដោយមិនត្រូវឱ្យកើតមាននៅតាមភូមិឃុំ ឬភូមិសាស្រ្ដណាមួយឡើយ ។ ដោយឡែកមិនត្រឹមតែប៉ុណ្ណោះ បញ្ហាអនាម័យបរិស្ថានក៏នៅតែបន្តពង្រឹងដែរ ដោយក្នុងនោះរដ្ឋបាលក្រុង ស្រុកទាំង១៤ ត្រូវធ្វើការរៀបចំសណ្ដាប់ធ្នាប់អនាម័យ នៅតាមទីប្រជុំជនរបស់ខ្លួន ក៏ដូចជាការរៀបចំកន្លែងលក់ដូរ សណ្ដាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយជាប់ជាប្រចាំផងដែរ ៕

អត្ថបទទាក់ទង