រសៀលថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ចែករង្វាន់លើកទឹកចិត្ត ជូនជ័យលាភីសិស្សពូកែ ទូទាំងប្រទេសឆ្នាំ២០១៩ ប្រចាំខេត្តបាត់ដំបង នៅសាលាខេត្តបាត់ដំបង ។
ក្នុងពិធីនេះដែក៏មានការអញ្ជើញូលរួមពីមន្ទីរ អង្គភាព ពាក់ព័ន្ធ លោកគ្រួអ្នកគ្រួមាតា បិតាសិស្ស សិស្សានុសិស្ស បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ។
សូមជម្រាបថា សិស្សជ័យលាភីពូកែទូទាំងប្រទេស ឆ្នាំ២០១៩ ប្រចាំខេត្តបាត់ដំបង ដែលបានចូលរួមប្រឡងសិស្សពូកែទូទាំងប្រទេស កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅខេត្តសៀមរា មានចំនួន ៦រូប ស្រី២រូប ទី១មានឈ្មោះ ឡុង សុខលី ភេទប្រុស មកពីវិទ្យាល័យអន្តរជាតិយូ អេស អេ ទី២ ឈ្មោះសេង លាងហាក់ ភេទប្រុស មកពីវិទ្យាល័យព្រះមុនីវង្ស ទី៣ ឈ្មោះ លី សុវណ្ណឡេង ភេទស្រី មកពីវិទ្យាល័យអន្តរជាតិ យូ អេស អេ ទី៤ឈ្មោះងិន សម្បត្តិ ភេទប្រុស មកពីវិទ្យាល័យកំរៀង ទី៥ឈ្មោះ យិញ មិនា ភេទប្រុស មកពីវិទ្យាល័យព្រះមុនីវង្ស និងទី៦ ឈ្មោះ ហេង ហ្គ្រិចសួគ៌ សួគ៌ ភេទស្រីមកពីវិទ្យាល័យព្រះមុនីវង្ស ។
ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ និងកោតសរសើរ និងថ្លែងអំណរគុណដល់ ដល់លោកគ្រួ អ្នកគ្រួ អាណាព្យាបាល ព្រមទាំងក្មួយៗ សិស្សានុសិស្ស ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ រហូតទទួលបានលទ្ធផល នាថ្ងៃនេះ ជាពិសេសក្មួយៗ ដែលបានប្រឡងជាប់ចំណាត់ថ្នាក់ និងទទួលបានមេដាយ មេដាយប្រាក់ និងមេដាយសំរិទ្ធ ។ នេះគឺជាកិត្តិយសណាស់សម្រាប់ខេត្តបាត់ដំបងយើង សម្រាប់ប្រជាពលរដ្ឋខេត្តបាត់ដំបង ជាង១លាននាក់ និងជាកិត្តិយសសម្រាប់ក្រុមគ្រួសារក្មួយៗផងដែរ ។ ឯកឧត្តម បានមានប្រសាសន៍គាំទ្រ ដល់ក្មួយៗ សិស្សានុសិស្ស សូមបង្កើននូវសមត្ថភាព និងលទ្ធភាពបន្តទៀត ដើម្បីឲ្យដល់គោលដៅ នៃបំណងរបស់ក្មួយៗ ហើយត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្របន្តទៀត។