រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីសំណេះសំណាលជូនប័ណ្ណសរសើរ ដល់ប្រតិភូ គ្រូបង្វឹក កីឡាករ និងកីឡាការិនី ដែលទទួលបានមេដាយ ក្នុងការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២

  • 187
  • ដោយ teavvisal

នៅរសៀលថ្ងៃចន្ទ ៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើ្ជញជួបសំណេះសំណាល និងជូនប័ណ្ណសរសើរដល់ប្រតិភូ គ្រូបង្វឹក កីឡាករ និងកីឡាការិនី ដែលទទួលបានមេដាយ ក្នុងការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នៅឯរាជធានីភ្នំពេញកាលពីពេលថ្មីនេះ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ ដល់គ្រូបង្វឹក កីឡាករ កីឡាការិនី ដែលបានខិតខំប្រឹងប្រែង និងចូលរួមប្រកួតដោយទទួលបានលទ្ធផលត្រឡប់ជូនខេត្តបាត់ដំបង លើកកិត្តិយសខេត្តបាត់ដំបងទាំងមូល ហើយសង្ឃឹមថានឹងបន្តខិតខំប្រឹងប្រែងបន្តទៀត ពិសេសគឺព្រឹត្តិការណ៍កីឡាស៊ីហ្គេម (Sea Games) ដែលនឹងធ្វើការរៀបចំប្រកួតនាប៉ុន្មានខែខាងមុខនេះ ដូចនេះគ្រូបង្វឹក កីឡាករ កីឡាការិនីទាំងអស់ត្រូវតែត្រៀមខ្លួនហ្វឹកហាត់ឱ្យកាន់តែខ្លាំង ប្រកបដោយគុណភាពក្នុងការដណ្ដើមយកមេដាយជូនជាតិមាតុភូមិឱ្យកាន់តែច្រើន ។ ឯកឧត្តមបានមានប្រសាសន៍ថា បច្ចុប្បន្ននេះវិស័យកីឡាមានការរីកចម្រើនកើនឡើងជាលំដាប់ ដូចនេះយើងត្រូវបន្តខិតខំអភិវឌ្ឍន៍បន្ថែមទៀតទើបវិស័យកីឡានៅកម្ពុជាមានការរីកចម្រើនកាន់តែខ្លាំងឡើងៗ ជាក់ស្ដែងដូចកីឡាបាល់ទាត់ដែលយើងអាចមានឱកាសរកគ្រាប់បានបញ្ចូលទីបាន ជាមួយប្រទេសមួយចំនួន និងកីឡាមួយចំនួនទៀតដែលកំពុងតែមានការរីកចម្រើន ហើយការរីកចម្រើននៃវិស័យកីឡានេះ ក៏ជាផ្នែកមួយក្នុងការឱ្យពិភពលោកបានស្គាល់អំពីប្រទេសកម្ពុជាកាន់តែច្រើនឡើងផងដែរ ។
ក្នុងនោះ ឯកឧត្តម ក៏បានឆ្លៀតមានប្រសាសន៍ពាក់ព័ន្ធនឹងបញ្ហាក្រុងបាត់ដំបងដែលកំពុងរងការខូចខាតនោះ សូមប្រជាពលរដ្ឋមេត្តាអត់ទ្រាំ អត់ធ្មត់ដោយសារផ្លូវទាំងអស់នោះជាប្រភេទផ្លូវចាស់ ដែលមានគ្រឹះចាស់ ក៏ដូចជារងការខូចខាតតាមរយៈការចាក់ទឹកទៅលើផ្លូវ ការដឹកជញ្ជូនទំនិញធ្ងន់ជាដើម ម្យ៉ាងទៀតបច្ចុប្បន្ននេះយើងកំពុងរៀបចំកាយលូសម្រាប់រំដោះទឹកកខ្វក់ ដែលជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដូចនេះរដ្ឋបាលខេត្តរង់ចាំការរៀបចំរួចរបស់(ADB)ហើយ នោះរដ្ឋបាលខេត្តនឹងធ្វើការរៀបចំជួសជុលផ្លូវទាំងអស់នោះ បើមិនដូចនេះទេ យើងនឹងចំណាយកាន់តែច្រើន ប្រើពេលវេលាកាន់តែច្រើន ព្រោះបើសិនយើងរៀបចំជួសជុលផ្លូវរួច នឹងធ្វើការកាយដីជីកដាក់លូដដែរ ដូចនេះសូមប្រជាពលដ្ឋមានការយោគយល់ នឹងចូលរួមសហការជាមួយរដ្ឋបាលខេត្ត ចំណែកផ្លូវណាដែលមិនមានការប៉ះពាល់ដោយគម្រោងរំដោះទឹកកខ្វក់ រដ្ឋបាលខេត្តនឹងធ្វើការជួសជុលនាពេលខាងមុខនេះ ហើយរដ្ឋបាលខេត្តនឹងខិតខំក្នុងការកែលម្អទីក្រុងមួយនេះឱ្យកាន់តែស្រស់ស្អាត ទាំងផ្នែកអនាម័យ សណ្ដាប់ធ្នាប់ សោភ័ណភាព មានច្រាំងស្ទឹងកាន់តែស្រស់ស្អាតជាដើម ៕

អត្ថបទទាក់ទង