រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តការងាររៀបចំសណ្ដាប់ធ្នាប់ សោភ័ណភាព របៀបរៀបរយក្នុងក្រុងបាត់ដំបង និងនៅតំបន់ទេសចរណ៍ភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង

  • 241
  • ដោយ teavvisal

នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តការងាររៀបចំសណ្ដាប់ធ្នាប់ សោភ័ណភាព របៀបរៀបរយក្នុងក្រុងបាត់ដំបង និងនៅតំបន់ទេសចរណ៍ភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។
បើតាមការរាយការណ៍តាមរយៈក្រុមការងារទទួលបន្ទុករៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុងបាត់ដំបងបានលើកឡើងថា ចំពោះផ្លូវលេខ១ និងលេខ១កន្លះ ផ្ទះដែលបានរុះរើសំយាបរួចបានចំនួនស្មើនឹង៩៩,៤៥% និងមិនទាន់បានរុះរើមានចំនួន ០២ខ្នង ដោយសារតែជាផ្ទះដែលមិនមានម្ចាស់រស់នៅ ហើយផ្ទះដែលបានដំឡើងសំយាបរួចមានចំនួន ២៥ខ្នង (៦,៨៩%) និងមិនដំឡើងសំយាបមានចំនួន ៣៣៨ខ្នង (៩៣,១១%) ។ ចំពោះបរិវេណជុំវិញផ្សាណាត់ ចំនួនផ្ទះសរុប ៨២ផ្ទះ (ខាងជើងផ្សារ ៤២ផ្ទះ)ផ្ទះមួយចំនួនធំបានរៀបចំសំយ៉ាបស្របតាមគម្រូណែនាំរបស់រដ្ឋបាលខេត្តផងដែរ ។ សម្រាប់កំណាត់ផ្លូវលេខ២ និងផ្លូវលេខ២កន្លះ ម្ចាស់ផ្ទះទាំងអស់បានស្ម័គ្រចិត្តរុះរើសំយ៉ាបបានរួចរាល់១០០%តែម្ដង ។ ចំណែកបណ្ដោយផ្លូវលេខ៣ ចំនួនខ្នងផ្ទះមាន៣៥៥ខ្នង ផ្ទះបានរុះរើសំយាបរួចរាល់ និងមិនដំឡើងសំយាបមានចំនួន ២៥៩ខ្នង ផ្ទះដែលដំឡើងសំយាបតាមគម្រូរបស់រដ្ឋបាលខេត្តមានចំនួន៦៩ខ្នង ផ្ទះដែលមិនទាន់រុះរើសំយាប និងទុកសំយាបរវៃចេញមានចំនួន៧ខ្នង ។ ចំពោះបណ្ដោយផ្លូវព្រះវិហា និងផ្លូវឡាអេ ផ្លូវកាត់ទទឹងផ្លូវព្រះវិហារ មានចំនួន ១១៣ខ្នងផ្ទះ ជាលទ្ធផលប្រជាពលរដ្ឋ ដែលម្ចាស់អាជីវកម្ម ក្រុមហ៊ុន ធនាគារ ប្រមាណ ៩៥% គាំទ្រ និងចូលរួមអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្ត ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់ក្រុមការងាររៀបចំសណ្ដាប់ធ្នាប់ ដែលទទួលបន្ទុកទៅតាមតំបន់នានាទាំងអស់នោះ ក៏ដូចជាចៅសង្កាត់ទាំងអស់ត្រូវបន្តធ្វើការផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងអំពីការរៀបចំសណ្ដាប់ធ្នាប់ និងគោលបំណងអំពីការរៀបចំសណ្ដាប់ធ្នាប់នេះ ពិសេសត្រូវទប់ស្កាត់ការងើបឡើងវិញនូវការសាងសង់សំយ៉ាបផ្ទះ ការលក់ដូរនៅលើចិញ្ចើមផ្លូវដោយមិនត្រូវព្រលែងដៃឡើយ ពោលគឺត្រូវធ្វើដូចភ្លៀងរលឹម និងត្រូវណែនាំដល់អាជីវករទាំងអស់ដែលដាក់តាំងលក់ផ្សេងៗ ត្រូវរៀបចំឱ្យមានការលក់នៅខាងក្នុងផ្ទះវិញ ។ ក្នុងនោះដែរ ឯកឧត្តមបានណែនាំដល់អង្គភាពអគ្គិសនីខេត្ត ពិនិត្យមើល និងសិក្សាអំពីលទ្ធភាពដែលអាចដកបង្គោលភ្លើងចាស់ៗចោល ព្រោះបន្ទាប់ពីធ្វើការរៀបចំកាត់ខ្សែកាប ខ្សែអិនធឺណេតចេញអស់ហើយ គឺនៅសល់បង្គោលភ្លើងដែលនៅសល់ ហើយបើសិនជាអាចធ្វើការដកបានរដ្ឋបាលខេត្តនឹងសិក្សាអំពីការដាំដើមឈើជំនួសវិញ ដើម្បីលើកកម្រិតសោភ័ណភាពក្រុងឱ្យកាន់តែស្រស់ស្អាតទៀត ។ ឯកឧត្តម បានមានប្រសាសន៍កោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារ ដែលបានខិតខំប្រឹងប្រែងក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុង ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅតំបន់អភិរក្សទាំងអស់ ដែលបានចូលរួមជាមួយរដ្ឋបាលខេត្តបាត់ដំបង ក្នុងការចូលរួមកាត់សំយ៉ាបផ្ទះ ការកាត់ផ្លាកសញ្ញាពាណិជ្ជកម្មធំៗចេញពីខាងមុខផ្ទះរបស់ខ្លួន និងយល់ដឹងអំពីគោលបំណងនៃការរៀបចំសណ្ដាប់ធ្នាប់នេះ ៕

អត្ថបទទាក់ទង