រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

អបអរសាទរ ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងបង្អែមខ្មែរ ខេត្តបាត់ដំបង

  • 136
  • ដោយ teavvisal

នៅរសៀលថ្ងៃសុក្រ ៨កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកនូវព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងបង្អែមខ្មែរដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៣ខាងមុខនេះ នៅឯបរិវេណមុខសារមន្ទីរប្រវត្តិសាស្រ្ដ (អគារចាស់សាលាខេត្តបាត់ដំបង) ។
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា ការរៀបចំព្រឹត្តិការណ៍នេះឡើង គឺជាការជួបជុំប្រចាំឆ្នាំ ក្នុងន័យដើម្បីពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវរួមគ្នា ក្នុងនាមជាអ្នកខេត្តបាត់ដំបង ក្នុងការជំរុញវិស័យទេសចរណ៍ក្នុងខេត្តបាត់ដំបងឱ្យកាន់តែមានការទាក់ទាញកាន់តែច្រើនឡើងថែមទៀត បន្ទាប់ពីមានការធូរស្បើយដោយជំងឺកូវីដ-១៩ ។ ឯកឧត្តម បានបន្តទៀតថា ដោយសារបញ្ហាកូវីដ-១៩មានសភាពធូរស្បើយឡើងវិញ ដោយអនុញ្ញាតឱ្យរដ្ឋបាលខេត្តបាត់ដំបង អាចរៀបចំព្រឹត្តិការណ៍នេះឡើងវិញ បន្ទាប់ពីមានការអាក់ខានកន្លងទៅនេះ ហើយថ្មីៗនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការប្រកាសអនុញ្ញាតជូនដល់មន្រ្ដីរាជការជួរមុខ ប្រជាពលរដ្ឋគ្រប់រូប ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៦ ដែលជាដូសជំរុញ ហើយក្នុងនោះកុមារដែលមានអាយុលើស៣ឆ្នាំក៏អាចចាក់លើកទី៤ផងដែរ ដើម្បីបន្តការពារអាយុជីវិតពីការជំងឺកូវីដ-១៩ បើទោះបីមានការធូរស្បើយនៃជំងឺកូវីដ-១៩ក៏ដោយ ក៏មិនត្រូវភ្លេចការពារផងដែរ ។
ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា ព្រឹត្តិការណ៍នេះនឹងធ្វើឱ្យសាធារណជនដែលជាភ្ញៀវជាតិ និងអន្តរជាតិ បានស្គាល់ នូវមុខម្ហូបដែលជាស្នាដៃអ្នកខេត្តបាត់ដំបង ដែលជាមុខមាត់ឈ្ងុយឆ្ងាញ់ជាច្រើន និងធ្វើការទាក់ទាញភ្ញៀវទេសចរឱ្យស្គាល់ពីអត្តសញ្ញាណនៃអ្នកបាត់ដំបង ។ ឯកឧត្តម បានមានប្រសាសន៍ថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ អភិបាលក្រុងស្រុក ប្រធានមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានស្ម័គ្រចិត្ត ខិតខំធ្វើនូវមុខម្ហូបដែលជាមុខម្ហូបប្រចាំតំបន់ខ្លួន ឬមុខម្ហូបដែលមានភាពល្បីល្បាញនូវអាហារដ្ឋានរបស់ខ្លួន ហើយសង្ឃឹមថាសម្រាប់ឆ្នាំក្រោយទៅមុខទៀតនឹងមានមុខម្ហូបល្បីៗជាច្រើនទៀត ដាក់តាំងបង្ហាញជូនសាធារណជនទាំងអស់បានស្គាល់កាន់តែទូលំទូលាយ ។
ឯកឧត្តម បានបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំនេះ ក្រសួងទេសចរណ៍បានរៀបចំឱ្យមានការប្រឡងប្រណាំងទីក្រុងដែលមានការរៀបចំពិធីបុណ្យចូលឆ្នាំសកលល្អជាគេប្រចាំ ដោយក្នុងនោះក្រសួងរៀបចំជាQR CODE សម្រាប់ឱ្យចូលស្កេនបោះឆ្នោត ដូចនេះសូមប្រជាពលរដ្ឋចូលរួមក្នុងការបោះឆ្នោតគាំទ្រខេត្តបាត់ដំបងឱ្យកាន់តែច្រើនៗ ដើម្បីលើកតម្កើនមុខមាត់អ្នកខេត្តបាត់ដំបងឱ្យកាន់តែល្បីល្បាញ តាមរយៈកម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋទាំងអស់ផងដែរ ៕

អត្ថបទទាក់ទង