រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យជាតិបាត់ដំបង

  • 215
  • ដោយ Admin

នៅព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតសាកលវិទ្យាល័យជាតិបាត់ដំបង សរុបចំនួន៦០៤នាក់ ស្រី ៣១០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ដែលពិធីនេះរៀបចំឡើងនៅសាលសន្និសីទមហានគរ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ។

នៅក្នុងឱកាសពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាថ្នាក់ដឹកនាំ ព្រមទាំងគណៈគ្រប់គ្រង មន្ត្រី បុគ្គលិក គ្រូបង្រៀន និងនិស្សិតជយ័លាភីបានចូលរួមផងដែរ ។​

ឯកឧត្ដម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានមានប្រសាសន៍ថា  បើគិតចាប់ពីឆ្នាំ២០០៨មក សាកលវិទ្យាល័យបានបណ្តុះបណ្តាលនិស្សិតចំនួនជាង២០,០០០នាក់ ដែលជាធនធានមនុស្សរបស់ជាតិក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលក្នុងនោះ​មាននៅ​ក្នុងស្ថាប័នសាធារណៈ និងឯកជនប្រមាណជា៩០%ក្នុងវិស័យសំខាន់ៗដូចជា វិស័យអប់រំ សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ជីវចម្រុះ ទេសចរណ៍ ធនាគារ បដិសណ្ឋារកិច្ច បច្ចេកវិទ្យា និងសំណង់​ស៊ីវិល​ជាដើម។ ឯកឧត្តមបានបន្តទៀតថា ក្នុងឆ្នាំសិក្សា ថ្មីនេះ​មានសិស្សបានចុះឈ្មោះ​ចូលរៀន​មានចំនួន​កើនឡើងគួរឱ្យកត់សម្គាល់ ដែលកំពុងសិក្សាលើជំនាញឯកទេសសរុបចំនួន៣៩ ហើយនៅក្នុងឆ្នាំ​២០២២នេះ សាកលវិទ្យាល័យមាននិស្សិតចំនួន៤,៥៨៩នាក់ ស្រីចំនួន២,៧២២នាក់ ដោយក្នុងនោះសាកលវិទ្យាល័យ បានបំពាក់សម្ភារសិក្សាមួយចំនួន ស្របតាមតម្រូវការជាក់ស្ដែង​ដើម្បីប្រែក្លាយទៅជាសាកលវិទ្យាល័យបៃតង បរិស្ថានសិក្សាល្អ និងស្របតាមស្ដង់ដាគុណភាព​កម្រិត​ជាតិ-អន្តរជាតិ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានអញ្ជើញមានប្រសាសន៍​ថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្តបាត់ដំបង ដែលបានផ្ដល់កិច្ច​សហការ​ល្អ​ជាមួយនឹងសាកល​វិទ្យាល័យកន្លងមក និងសូមកោតសរសើរដោយស្មោះចំពោះគណៈគ្រប់គ្រង មន្ត្រី បុគ្គលិក គ្រូបង្រៀន និងដៃគូសហប្រតិបត្តិការទាំងអស់​របស់សាកលវិទ្យាល័យ​ជាតិបាត់ដំបង ដែល​បានខិតខំបំពេញ​តួនាទី​ភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបណ្ដុះ បណ្ដាល និងស្រាវជ្រាវដើម្បី​បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព និងសក្តានុពលភាពឆ្លើយតប​ទៅនឹងតម្រូវការ​ទីផ្សារការងារ និងសង្គមជាតិ។  សម្តេចក្រឡាហោម បានបន្តទៀតថា គុណភាពនៃការអប់រំបណ្តុះ​បណ្តាល គឺជាកត្ដាអាទិភាពសំខាន់បំផុត ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាឱ្យតម្លៃ រួមគ្នា​ទទួលខុសត្រូវ និងរួមគ្នា​ប្ដេជ្ញាចិត្តធ្វើឱ្យបានក្នុងការបណ្តុះបណ្តាល​ធនធានមនុស្សប្រកប​ដោយសមត្ថភាព មនសិការ ក្រមសីលធម៌វិជ្ជាជីវៈ ដែលអាចបំពេញការងារ បានស្រប តាមតម្រូវការ នៃស្ថាប័ននិយោជកទាំង  វិស័យសាធារណៈនិងវិស័យឯកជន»។

សម្តេចក្រឡាហោម ក៏បានមានប្រសាសន៍ណែនាំ​និងផ្ដាំផ្ញើដល់គណៈកម្មការគ្រប់គ្រង​សាកលវិទ្យា​ល័យជាតិបាត់ដំបង ឱ្យបន្តបំពេញភារកិច្ចរបស់ខ្លួនស្របតាមផែនការសកម្មភាពដែលបានកំណត់ ដើម្បីធ្វើកំណែ ទម្រង់និងជំរុញការអភិវឌ្ឍសាកលវិទ្យាល័យ ព្រមទាំងបន្តណែនាំតម្រង់​ទិសដល់សាកលវិទ្យាល័យជាតិបាត់ដំបង   លើការងារដឹកនាំ គ្រប់គ្រង ការងារបច្ចេកទេស និងការងារធានាគុណភាពអប់រំឱ្យស្របតាមស្ដង់ដាជាតិ និងអន្តរជាតិ។ សាកលវិទ្យាល័យ​ជាតិបាត់ដំបង ត្រូវបន្តចូលរួមចំណែកបណ្តុះ​បណ្តាលធនធាន​មនុស្សប្រកប​ដោយគុណភាព សមត្ថភាព ចំណេះដឹង ចំណេះធ្វើ និងសីលធម៌ល្អ ដើម្បីសម្របខ្លួននៅក្នុងសង្គមពុទ្ធិ ព្រមទាំងបន្ត​អភិវឌ្ឍសមត្ថភាពគ្រូបង្រៀនតាមរយៈការបង្កើនកម្រិតគុណវុឌ្ឍិ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងជំរុញការសិក្សា​ស្រាវជ្រាវបន្ថែមទៀត។ សម្តេច ក៏បានផ្តាំផ្ញើ ណែនាំក្មួយៗនិស្សិតជ័យលាភីឱ្យបន្ត​ខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវនិងអភិវឌ្ឍខ្លួនជាប្រចាំ បន្តការរៀនសូត្រពេញមួយជីវិត លើជំនាញ​ផ្សេងៗបន្ថែមទៀត ដើម្បីឱ្យមានសមត្ថភាពពេញលេញ​ស្របតាមទីផ្សារការងារ​និងការរីកចម្រើន​របស់ប្រទេសជាតិ ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងសិល្បៈនៃការរស់នៅក្នុងសង្គម ដែលជាសសរស្តម្ភយ៉ាងសំខាន់ចាំបាច់សម្រាប់ អនាគតរបស់ក្មួយៗនិងសង្គមជាតិ ៕

អត្ថបទទាក់ទង