នៅរសៀលថ្ងៃចន្ទ ៧រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈខេត្តបាត់ដំបង ដោយអមដំណើរដោយលោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត និងលោកអភិបាល នៃគណៈអភិបាលក្រុងបាត់ដំបង រួមទាំងមន្ត្រីអមដំណើរជាច្រើនរូប បានអញ្ជើញចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយ និងក្រើនរំលឹកក្នុងការបង្ការ ទប់ស្កាត់ ជម្ងឺកូវីដ-១៩ ជាពិសេសអំឡុងពេលព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា ។ នាឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងតំណាងឲ្យរដ្ឋបាលខេត្តទាំងមូល បានធ្វើការចែកជូនម៉ាស់ដល់ប្រជាពលរដ្ឋ អាជីវករ នៅក្នុងផ្សារបឹងឈូក និងតាមបណ្ដាផ្លូវមួយចំនួន សរុបទាំងអស់១,០០០សន្លឹកម៉ាស ឬស្មើនឹង២០ប្រអប់ ដល់ប្រជាពលរដ្ឋ ឬអាជីវករដែលធ្វេសប្រហែសមិនបានការពារខ្លួន ដោយមិនមានការពាក់ម៉ាស់ជាដើម ។
ឯកឧត្តម ងួន រតនៈ បានធ្វើការណែនាំ និងផ្ដែផ្ដាំដល់ប្រជាពលរដ្ឋ អាជីវករ ទាំងអស់គ្នាថា សូមកុំធ្វើការធ្វេសប្រហែស ឆាប់ភ្លេចខ្លួនអំពីបញ្ហាសកលនេះឡើយ ព្រោះថាជម្ងឺកូវីដ-១៩នៅតែបន្តគំរាមកំហែងជាប់ជានិច្ច ហើយវាចូលចិត្តរស់នៅជាមួយមនុស្សណាដែលខ្វះអនាម័យ និងខ្វះការប្រុងប្រយ័ត្ន ហើយស្របពេលជាមួយគ្នានេះដែរ យើងទើបតែកើតមានឡើងការឆ្លងជាសហគមន៍ជាលើកដំបូង ដែលនេះពិតជាមានហានិភ័យកាន់តែខ្លាំងជាងមុនទៀត បើសិនប្រជាពលរដ្ឋមិនចូលរួមក្នុងការទប់ស្កាត់ទេនោះ ។
ឯកឧត្តម បានបន្តទៀតថា សូមប្រជាពលរដ្ឋ បន្តធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាការពាក់ម៉ាស់ឲ្យបានជាប់លាប់ពេលចេញទៅតាមទីសាធារណៈ ការឧស្សាហ៍លាងសំអាតដៃនឹងសាប៊ូ ឬទឹកអាកុល ត្រូវអនាម័យខ្លួនប្រាណជាប់ជានិច្ច ហើយចំពោះអាជីវករសូមធ្វើការបន្តធ្វើបែបនេះឲ្យបានខ្ជាប់ខ្ជួន ហើយបើសិនជាភ្ញៀវគាត់មិនបានពាក់ម៉ាស់ត្រឹមត្រូវទេ ត្រូវធ្វើការណែនាំគាត់ឲ្យពាក់ម៉ាស់ទាំងអស់គ្នា ក្នុងនាមចូលរួមយុទ្ធនាការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ។
ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ ក៏បានធ្វើការណែនាំដល់ម្ចាស់ផ្សារនានាក្នុងក្រុង និងទូទាំងខេត្តទាំងមូល សូមធ្វើការណែនាំ ផ្សព្វផ្សាយ ឲ្យបានច្រើនតាមតែអាចធ្វើបាន ព្រោះទីផ្សារគឺជាទីប្រជុំជនមួយដ៏សំខាន់ ជាបណ្ដុំនៃមនុស្សគ្រប់ទិសទីដែលមកធ្វើការទិញ លក់នៅទីនេះ ហើយបើសិនជាម្ចាស់ផ្សារមិនចូលរួមការផ្សព្វផ្សាយ និងពង្រឹងគោលការណ៍អនាម័យទេ វាអាចជាហានិភ័យខ្ពស់ក្នុងការរីករាលដាលនៃជម្ងឺកូវីដ-១៩ ក៏ដូចជាជម្ងឺផ្សេងៗផងដែរ ។ ក្នុងនោះ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានមានប្រសាសន៍ ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងអាជីវករមួយចំនួនធំ ដែលបានចូលរួមប្រកាន់គោលការណ៍ខ្ជាប់ខ្ជួន នូវវិធានការការរីករាលដាលនៃជម្ងឺកូវីដ-១៩នេះ ៕









