នៅរសៀលថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាយោធភូមិភាគទី៥ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែតុលា ឆ្នាំ២០២០ ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអ្នកពាក់ព័ន្ធជាច្រើនអ្នកទៀត ។
ឯកឧត្តម ងួន រតនៈ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំដល់រដ្ឋបាលក្រុង ស្រុក ត្រូវធ្វើការរៀបចំគេហទំព័ររបស់រដ្ឋបាលក្រុង ស្រុកជាផ្លូវការ ដើម្បីដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ និងត្រូវធ្វើរបាយការណ៍រាយការមករដ្ឋបាលខេត្ត និងអនុវត្តតាមសេចក្តីណែនាំលេខ ២៩៧៦ សជណ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃស្តីពីការរៀបចំបង្កើតគេហទំព័រហ្វេសប៊ុកផ្លូវការ ( Official Facebook Page )របស់រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ស្នងការនគរបាលរាជធានី ខេត្ត និងអធិការនគរបាលក្រុង ស្រុក ខណ្ឌ ។
ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ត្រូវបន្តអនុវត្តតាមសេចក្តីណែនាំក្រសួងសុខាភិបាល និងត្រូវធ្វើការផ្សព្វផ្សាយណែនាំគ្រប់រូបភាព នៅតាមអាហារដ្ឋាន ទីសាធារណៈនានា ដើម្បីបង្កាការរីករាលដាលជំងឺកូវីដ ១៩ ផងដែរ ។ ឯកឧត្តម ក៏បានឧបត្ថម្ភដល់រដ្ឋបាលក្រុង ស្រុក តាមរយៈគណកម្មការទ្រទ្រង់កូវី ១៩ ខេត្ត ផ្តល់ជូនក្រុង ស្រុកទាំង១៤ ក្នុងមួយក្រុង ស្រុកទទួលបានម៉ាសចំនួន ១៥.០០០ ម៉ាស។
ឆ្លៀតក្នុងឱកាសនោះដែល ឯកឧត្តម ងួន រតនៈ ក៏បានលើកអំពីបញ្ហាគ្រោះមហន្តរាយដែលខេត្តបាត់ដំបង បានជួបប្រទះកន្លងមក ដោយមានការលិចលង់ជន់ដំណាលគ្នាក្នុងពេលតែមួយ ដែលកន្លងមកពុំធ្លាប់មាន រួមមានទឹកជំនន់ស្ទឹងដូនទ្រី ស្រុករុក្ខគិរី ស្ទឹងសង្កែ ក្រុងបាត់ដំបង និងស្ទឹងបវេល ស្រុកបវេល ខេត្តបាត់ដំបង ដែលក្បាលទាំងបីបានជន់លិចក្នុងពេលតែមួយ ដែលទាមទារឱ្យធ្វើការប្រមូលផ្តុំកម្លាំង និងធ្វើការបែងចែកកម្លាំង ដើម្បីជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលាផងដែរ។
ឯកឧត្តម ងួន រតនៈ បានបញ្ជាក់បន្ថែមថា គ្រោះមហន្តរាយដែលយើងជួបប្រទះកន្លងមកនេះ គឺជាបទពិសោធ៍មួយសម្រាប់យើងទាំងអស់គ្នា ក្នុងការរៀបចំផែនការមួយឱ្យកាន់តែច្បាស់លាស់កក្នុងការជួយសង្គ្រោះ និងចុះអន្តរាគមន៍ឱ្យបានទាន់ពេលវេលា និងកាន់តែល្អប្រសើរជាងនេះទៅទៀត ដោយយើងត្រូវកំណត់នៅទីទួលសុវត្ថិភាពឱ្យបានជាក់លាក់ និងច្បាស់លាស់ផងដែរ។
ឯកឧត្តម បានណែនាំឱ្យក្រុមការងារលេខាធិការដ្ឋានគ្រោះមហន្តរាយខេត្ត និងក្រុង ស្រុក ត្រូវរៀបចំចងក្រងទិន្នន័យទីទួលសុវត្ថិភាព និងបញ្ជីរាយនាមសប្បុរជនទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្ររដ្ឋបាលខេត្ត និងដល់រដ្ឋបាលក្រុង ស្រុក ក្នុងការចុះចែកអំណោយសង្គ្រោះបឋមដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់ផងដែរ៕