រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បន្តសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយចែកជូនគ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន ១១៣៧ គ្រួសារ នៅខេត្តបាត់ដំបង

  • 2.7ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃសុក្រ ៧កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមពិធីចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ក្រោមអធិបតីភាពលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅស្រុកសង្កែ និងស្រុកមោងឫស្សី ខេត្តបាត់ដំប ។

គូសបញ្ជាក់ដែរថា អំណោយដែលបានចែកជូនមានដូចជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ពីរទីតាំងផ្សេងគ្នា ដោយទីតាំងទី១ នៅស្រុកសង្កែ ដែលមកពីឃុំកំពង់ព្រះ និងឃុំកំពង់ព្រៀង ចំនួន ៨៣៧ គ្រួសារ និងនៅស្រុកមោងឫស្សី មកពីឃុំឫស្សីក្រាំង ចំនួន ៣០០ គ្រួសារ សរុបប្រមាណ ១១៣៧ គ្រួសារតាមរយៈលោកជំទាវ ពេជ ចន្នមុន្នី ហ៊ុន ម៉ាណែត  ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ក៏បានពាំនាំនូវការសួរសុខទុក្ខប្រជាពលរដ្ឋ ពីសំណាក់សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកទាំងពីរកំពុងយកចិត្តទុកដាក់ ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែរងនូវការគ្រោះថ្នាក់ដោយគ្រោះធម្មជាតិនេះ ដោយមិនអាចគិតស្មានដល់ និងបានពាំនាំជាអំណោយផ្សេងៗចែកជូនប្រជាពលរដ្ឋ ដែលកំពុងតែរងលំបាកដោយសារគ្រោះទឹកជំនន់នេះ ដើម្បីជួយសម្រាលបន្ទុកបានមួយគ្រាផងដែរ ។

លោកជំទាវបានបន្តទៀតថា សូមបងប្អូនប្រជាពលរដ្ឋត្រូវតែរក្សាអនាម័យជាប់ជានិច្ច ដោយការលាងសំអាតដៃ ការហូបស្អាត ដើម្បីចៀសវាងបញ្ហាការរាគរួស ជម្ងឺអាសន្នរោគផ្សេងៗ ហើយជាពិសេសប្រុងប្រយ័ត្ននូវការចុះទឹក និងថែរក្សាកូនៗកុមារតូចៗ មិនឲ្យចុះទឹកផ្ដេសផ្ដាស ដើម្បីកុំគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត ។ លោកជំទាវ បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កងកម្លាំងប្រដាប់អាវុធអាជ្ញាធរមូលដ្ឋាន និងសប្បុរសជននានា ដែលខិតខំជួយសង្រ្គោះប្រជាពលរដ្ឋបានទាន់ពេលវេលា និងបានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ ក៏ដូចជាសម្ភារៈប្រើប្រាស់នានាដល់គ្រួសាររងគ្រោះ៕

អត្ថបទទាក់ទង