រដ្ឋបាលខេត្តបាត់ដំបង ទទួលទូក ១០គ្រឿង ដែលអំណោយដ៏ថ្លៃងថ្លាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាសម្រាប់ជួយសង្គ្រោះពលរដ្ឋ កំពុងជួបគ្រោះទឹកជំនន់ ក្នុងខេត្តបាត់ដំបង
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលទូកចំនួន ១០ គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រាប់ការងារសង្គ្រោះពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅក្នុងខេត្តបាត់ដំបង ។
ឯកឧត្តម គង់ កន្នារិទ្ធ ទីប្រឹក្សាសម្តេច និងជានាយកខុទ្ទកាល័យសម្ដេចតេជោ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី សម្រាប់ប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅក្នុងខេត្តបាត់ដំបង
ឯកឧត្តម ទីប្រឹក្សាសម្តេច បានលើកឡើងថា ការប្រគល់ជូនទូកដល់ខេត្តបាត់ដំបងនេះ ព្រោះខេត្តបានជួបនូវបញ្ហាទឹកជំនន់ និងប៉ះពាល់ដល់ពលរដ្ឋជាច្រើនគ្រួសារ ហើយទូកនេះជាមធ្យោបាយមួយ សម្រាប់អាជ្ញាធរខេត្តជួយសង្គ្រោះពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាព ។
ឯកឧត្តម គង់ កន្នារិទ្ធ បានបញ្ជាក់ថា ការផ្ដល់ជូននេះ ជាការយកចិត្តទុកដាក់មួយរបស់សម្ដេចទាំងពីរ ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលជាទម្លាប់សម្ដេចមិនដែលរត់ចោលពលរដ្ឋនោះទេ ហើយមានការខ្វល់ខ្វាយជាប់ជានិច្ចចំពោះពលរដ្ឋ ។
ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នូវអំណោយជាទូកសម្រាប់ផ្ដល់ដល់អាជ្ញាធរខេត្ត ក្នុងការងារជួយសង្គ្រោះពលរដ្ឋពីបញ្ហាទឹកជំនន់ ដែលខេត្តកំពុងរងគ្រោះនេះ ដើម្បីបង្កើនលទ្ធភាពកាន់ធំក្នុងជួយសង្គ្រោះប្រជាពលរដ្ឋមកទីទួលសុវត្ថិភាព ។
គួរបញ្ជាក់ថា សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដល់ទូកកាណូតចំនួន ៤០គ្រឿង ដល់ខេត្តមួយចំនួនដែលជួបបញ្ហាគ្រោះទឹកជំនន់ ក្នុងនេះខេត្តបានទទួលចំនួន១០គ្រឿង ហើយសកម្មភាពផ្ដល់អំណោយ សម្រាប់ជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់អង្ករ រួមទាំងស្បៀងមួយចំនួនទៀត ដល់ខេត្តបាត់ដំបង សម្រាប់ចែកជូនពលរដ្ឋ ហើយសកម្មភាពមនុស្សធម៌នេះ ក៏មានការចូលរួមពីមជ្ឈដ្ឋានជាច្រើនទៀត ទាំងនៅក្នុងខេត្ត ក្រៅខេត្តផងដែរ ។
បន្ទាប់ចប់ពិធីប្រគល់ទទួលទូករួចមក ឯកឧត្តម ចុះពិនិត្យស្ថានភាពទឹក និងសំណេះសំណាលសួរសុខប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ នៅភូមិព្រៀលនិល ឃុំព្រៃតូច និងភូមិចកតូច ភូមិចកធំ ឃុំកកោះ ស្រុកមោឫស្សី ដែលកំពុងគ្រោះទឹកជំនន់ផងដែរ៕