រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញចុះសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបាននាំយកម៉ាស រួមជាមួយជែលចែកជូនសាលាចំនួន ៤ ដែលស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង

  • 1.2ពាន់
  • ដោយ Sotheavy

នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចុះសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងបាននាំយកម៉ាស រួមជាមួយជែលចែកជូនសាលាចំនួន ៤ ដែលស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ដែលមានការអញ្ជើញលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងលោកប្រធានមន្ទីរកសិកម្មខេត្ត ។

ទោះបីជាការស្ថានភាពជំងឺកូវីដ ១៩ មានសភាពធូរស្រាលបន្តិចក៏ពិតមែន ហើយក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាតចូលរៀនឡើងវិញមែន ប៉ុន្តែយើងមិនអាចមើលស្រាលជំងឺកូវីដ ១៩ បាននោះឡើង ។ ដោយមានការយកចិត្តដាក់ពី ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ចំពោះក្មួយៗសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ដែលបានមកបង្រៀន និងសិក្សានៅតាមសាលានានាក្នុងខេត្តបាត់ដំបង ក៏ដូចជាស្រុកថ្មគោលនាឱកាសនេះ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងស្វែងយល់បន្ថែមអំពីបញ្ហាប្រឈមនៅពេលបង្រៀន និងការចូលរួមរបស់សិស្សានុសិស្សព្រមទាំងមាតាបិតា នៅពេលសិក្សាក្នុងអំឡុកជំងឺកូវីដ ១៩ ផងដែរ។

ឯកឧត្តម ងួន រតនៈ បានថ្លៃងកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ ដែលប្រឹងប្រែងយកចិត្តទុកដាក់ការបង្រៀនសិស្សានុសិស្ស បើទោះបីពេលខ្លះជួបបញ្ហាប្រឈមមួយចំនួនទៀតក៏ដោយ នៅតែពុះពារបន្តការបង្រៀននេះរហូតមកពេលនេះផងដែរ ។ ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានថ្លៃងការសរសើរចំពោះមាតាបិតាសិស្ស ដែលបានចូលរួមជាមួយកម្មវិធីអប់រំរបស់ក្រសួងអប់រំ និងធ្វើការជំរុញកូនៗឱ្យបានរៀន ថែមទាំងមានវិចខ្ចប់បាយទឹក សម្រាប់កូនៗរបស់ខ្លួនមកសាលាទៀតផង។

នៅក្នុងពិធីអញ្ជើញចុះសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនាពេលនោះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បាននាំយកម៉ាស និងជែលចែកជូនសាលាចំនួន ៤ ក្នុងមួយសាលាទទួលបានម៉ាស ៥០០ បន្ទះ និងជែលលាងដៃ ១២ ដបផងដែរ។

សូមបញ្ជាក់ផងដែរថា សាលាដែលទទួលបានម៉ាស និងជែលរួមមានសាលាឋមសិក្សាកៀនកែស សាលាឋមសិក្សាគោកឃ្មុំ សាលាឋមសិក្សាប្រគាប និងវិទ្យាល័យរូងជ្រៃ ដែលស្ថិតនៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបងផងដែរ៕

អត្ថបទទាក់ទង