រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម អភិបាលខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាពទឹក និងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រស្រុកបវេល ខេត្តបាត់ដំបង

  • 1.5ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរដោយមន្ទីរជំនាញ អាជ្ញាធរស្រុក លេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងគ្រោះមហរាយខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រស្រុកបវេល ខេត្តបាត់ដំបង ដែលកំពុងរងការលិចលង់ដំណាំស្រួវមួយចំនួនបណ្តាលមកពីជំនន់ទឹកភ្លៀងនៅប៉ែកខាងលើ ។

លោក ឈឹម វិជ្ជរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានប្រាប់ឱ្យដឹងថា មកទល់ថ្ងៃនេះការងារបង្កបង្កើនផលរបស់យើងសម្រេចបានប្រមាណ ៣៤ ម៉ឺនហិចតាជាង  ស្មើនឹង ១០៥% ដោយឡែកចាប់ពីដើមខែកញ្ញា រហូតមកចុងខែកញ្ញនេះបងប្អូនប្រជាកសិករបានប្រមូលផលស្រាល ដើមរដូវវស្សាជំហាន១ បានប្រមាណជាង ១៧ ម៉ឺនហិចតា ។ លោកប្រធានមន្ទីរ បានបន្តទៀតថា ដោយសារការយកចិត្តទុកពី ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត  បានអញ្ជើចុះពិនិត្យមើលស្ថានភាពការរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ហើយនៅទូទាំស្រុកបវេលនេះរងផលប៉ះពាល់ប្រមាណជាង  ២២១២ ហិចតា ក្នុងនោះរងផលប៉ះពាល់ស្រូវដែលរៀបនឹងច្រូតប្រមាណ ១២០០ ហិចតា និងប៉ះពាល់ស្រូវដែលធ្វើក្នុងវគ្គ២ ជំហាន២ ប្រមាណជិត ៣២៥៨ ហិចតា ហើយនៅក្នុងនោះផ្ទៃដីមួយចំនួន ដែលរងគ្រោះបណ្តាលមកពីទឹកហូរមកពីប៉ែកខាងលើរួមមានពីឃុំបឹងប្រាំ ស្រុកបវេល និងឃុំបួរ ស្រុកភ្នំព្រឹកផងដែរ ដែលធ្វើឱ្យប៉ះពាល់ស្រូវទើបចាប់ផ្តើមសាបព្រោះក្នុងរយៈពេលប៉ុន្មានជា ១០ថ្ងៃនេះរងផលប៉ះពាល់ប្រមាណ ៩១០ ហិចតា ។

ទោះមានទឹកជំនន់ឡើង នៅចុងរដូវវស្សានេះក៏ដោយ ក៏លោកប្រធានមន្ទីរកសិកម្មខេត្ត បានសម្ដែងនូវការព្រួយបារម្ភ ពីការខ្វះខាតទឹកអាចនឹងកើតឡើងនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ ដោយលោកបានស្នើដល់ប្រជាពលរដ្ឋ ដែលនៅតំបន់ពួកគាត់ ពុំទាន់មានប្រព័ន្ធធារាសាស្ត្រត្រឹមត្រូវ សូមនាំគ្នាប្រើប្រាស់ទឹកដោយប្រុងប្រយ័ត្ន និងរួមគ្នាទប់ទឹកកុំឲ្យហូរចោលខ្ជីខ្ជារ ។

ឯកឧត្តម ងួន រតនៈ ក៏បានបន្តចុះពិនិត្យការសាងសង់បន្ថែមនូវប្រព័ន្ធធារាស្ត្រ និងហេដ្ឋានរចនាសម្ព័ន្ធមួយចំនួនទៀត ដែលស្ថិតនៅក្នុងភូមិសាស្ត្រស្រុកបាណន់ ដែលអាចនាំទឹកចូលក្នុងអាងកំពីងពួយនេះផងដែរ ។ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានថ្លែងកោតសរសើរចំពោះ បងប្អូនប្រជាកសិករ ដោយមិនទុកដីឱ្យនៅទំនេរ ដែលបានខិតខំបង្កបង្កើនផលនៅក្នុងវគ្គ២ ជំហាន២នេះផងដែរ ។

ឯកឧត្តម ងួន រតនៈ បានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីបើកទម្លាក់ទឹកពីស្រែ បង្ហូរទៅកាន់ស្ទឹងបវេល បន្តហូរចូលស្ទឹងមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីជៀសអូសបន្លាយពេលវេលាយូរបណ្តាលឱ្យខូចខាតដំណាំស្រូវរបស់បងប្អូនប្រជាកសិករ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានជំរុញទៅអាជ្ញាធរស្រុក ក៏ដូចជាមន្ទីរពាក់ព័ន្ធបន្តខិតខំជួយអន្តរាគមន៍នូវបញ្ហាជំនន់ទឹកភ្លៀងនេះ បើទោះបីមិនទាន់មានការប៉ះពាល់ដល់អាយុជីវិតពលរដ្ឋ តែត្រូវត្រៀមជានិច្ចនូវទីទួលសុវត្ថិភាព ហើយពិនិត្យលទ្ធភាពបន្ថែម ក្នុងការបង្ហូរទឹកជំនន់នេះ ឲ្យអស់ពីស្រែរបស់ប្រជាពលរដ្ឋ ។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមជាបន្តបន្ទាប់ បានឲ្យដឹងថា សម្រាប់ខែតុលា ឆ្នាំ២០២០នេះ ភ្លៀងនៅតែបន្តធ្លាក់រាយប៉ាយ ហើយក្រសួងបានអំពាវនាវដល់ពលរដ្ឋ សូមមានការប្រុងប្រយ័ត្នពីបាតុភូផ្សេងៗ ៕

អត្ថបទទាក់ទង