រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ទទួលជួបជាមួយបងប្អូនតំណាងអាជីវករផ្សារធំបាត់ដំបង ដែលរងការខូចខាតដោយអគ្គីភ័យ កាលពីចុងខែសីហា កន្លងទៅ នៅសាលាខេត្តបាត់ដំបង

  • 1.3ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃចន្ទ ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានទទួលជួបជាមួយបងប្អូនតំណាងអាជីវករផ្សារធំបាត់ដំបង ដែលរងខូចខាតដោយអគ្គីភ័យ កាលពីចុងខែសីហា កន្លងទៅ នៅសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីលោក អភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលខេត្ត លោក អភិបាលក្រុង និងតំណាងបងប្អូនអាជីវករចំនួន ៥ នាក់ នៅសាលាខេត្តបាត់ដំបង។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា បន្ទាប់ពីជួបបញ្ហាអគ្គិភ័យឆេះតូប ក្រុមអាជីវកររងគ្រោះបានស្នើដល់រដ្ឋបាលខេត្តបាត់ដំបង តាមរយៈអភិបាលក្រុង ជួយដោះស្រាយនូវសំណើធំៗចំនួន៣ ទី១. ជួយធ្វើតូបឡើងវិញ, ទី២. ជួយទូទាត់សំណង់រងការខូចខាត និងទី៣. គឺកុំយកថ្លៃតូបរយៈពេល ៥ឆ្នាំ ។

ឯកឧត្តមបានបន្តថា បច្ចុប្បន្នក្នុងចំណោមសំណើទាំង៣ រដ្ឋបាលខេត្តបាននិងកំពុងដោះស្រាយសំណើបានមួយ គឺការធ្វើតូប ដើម្បីឲ្យអាជីវករបានចូលលក់ដូរឡើងវិញ ប៉ុន្តែនៅបំណែកខ្លះ ដូចជាសសរផ្សារជាដើម ដែលត្រូវភ្លើងឆេះនោះ គឺត្រូវចាំការវាយតម្លៃពីក្រសួងជំនាញសិន ចំពោះសំណើ២ទៀត ខេត្តក៏បានបញ្ជូនទៅក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួចរាល់ហើយដែរ ដោយកំពុងរងចាំការឆ្លើយតបពីក្រសួងទាំងពីរ ។

នៅក្នុងជំនួបនោះ ក្រៅពីសំណើធំៗទាំង៣ ក្រុមអាជីវករក៏បានស្នើនូវសំណើមួយចំនួនទៀត មានសុំកុំយកថ្លៃភាស៊ី ៥ឆ្នាំ, កុំយកថ្លៃភ្លើងអគ្គិសនី ៥ឆ្នាំ, កុំយកថ្លៃសន្តិសុខ ៥ឆ្នាំ, ជួយរៀបចំសណ្ដាប់ធ្នាប់ មានការតបណ្ដាញអគ្គិសនីឲ្យល្អ និងមានសុវត្ថិភាពជាងមុន តបណ្ដាទឹក ការដាក់ឧបករណ៍ពន្លត់អគ្គិភ័យ និងការដាក់ឧបករណ៍បំពងសម្លេង ដើម្បីខ្លាចមានបញ្ហាអ្វីកើតឡើងជាយថាហេតុ អាចប្រើប្រាស់ឧបករណ៍បំពងសម្លេងនោះ ផ្សព្វផ្សាយបានទាន់ពេលវេលា ។

ពាក់ព័ន្ធនឹងសំណើបន្ថែមនេះ ឯកឧត្តម ងួន រតនៈ ក៏បានយល់ស្របនូវសំណើមួយចំនួន ប៉ុន្តែសំណើខ្លះ ត្រូវបានឯកឧត្តមអភិបាលខេត្ត ស្នើឲ្យក្រុមអាជីវករដោះស្រាយខ្លួនឯង ដូចជាបញ្ហាបង់ប្រាក់ឲ្យសន្តិសុខ ការបង់ថ្លៃភ្លើង បញ្ហាភាស៊ី  និងបញ្ហាសណ្តាប់ធ្នាប់ក្នុងផ្សារផងដែរ ដែលទាមទាឱ្យមានការចូលរួមពីបងប្អូនអាជីវករ ទើបអាចរៀបចំសណ្តាប់ធ្នាប់បាន។

សូមជម្រាបជូនដែរថា រដ្ឋបាលខេត្តបាត់ដំបង កំពុងពន្លឿនការធ្វើតូបជូនអាជីវករ នៅផ្សារណាត់ ដែលត្រូវអគ្គិភ័យឆាប់ឆេះកន្លងទៅ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ របស់ក្រុមអាជីវករនៅក្នុងផ្សារធំបាត់ដំបង ឬហៅថាផ្សារណាត់ ដែលត្រូវអគ្គិភ័យឆាប់ឆេះតូបរបស់ពួកគាត់ កាលពីចុងខែសីហា ឆ្នាំ២០២០កន្លងទៅនោះ រដ្ឋបាលខេត្តបាត់ដំបង កំពុងពន្លឿនឲ្យក្រុមជាង ខិតខំធ្វើតូបឲ្យបានឆាប់រួចរាល់ ដើម្បីឲ្យអាជីវករឆាប់បានចូលលក់ដូរឡើងវិញ ដើម្បីជួយសម្រួល និងដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ ។

គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ អគ្គិភ័យបានឆាប់ឆេះផ្សារណាត់ នៅក្នុងក្រុងបាត់ដំបង បណ្ដាលឲ្យតូបលក់គ្រឿងទេស សម្លៀកបំពាក់ និងលក់ចានឆ្នាំងជាដើម ចំនួន៣៣តូប ខូចខាតទាំងស្រុង និង៤០តូបទៀត រងការខូចខាតមួយចំនួន ដោយបញ្ហាអគ្គិភ័យនេះ ធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិអស់ជាង ៨០ម៉ឺនដុល្លារអាមេរិក ៕

អត្ថបទទាក់ទង