រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

កិច្ចប្រជុំរវាងគណៈកម្មាធិការទី៧ នៃរដ្ឋសភា គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចសាសនា វប្បធម៌ និងទេសចរណ៍ ជាមួយរដ្ឋបាលខេត្តបាត់ដំបង ដើម្បីស្វែងយល់អំពីស្ថានភាពវិស័យអប់រំក្នុងបរិបទការរីករាលដាលជម្ងឺកូវីដ-១៩

  • 930
  • ដោយ Sotheavy

នៅរសៀលថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរវាងគណៈកម្មាធិការទី៧ នៃរដ្ឋសភា គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចសាសនា វប្បធម៌ និងទេសចរណ៍ ជាមួយរដ្ឋបាលខេត្តបាត់ដំបង ដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ ដើម្បីស្វែងយល់អំពីស្ថានភាពវិស័យអប់រំក្នុងបរិបទការរីករាលដាលជម្ងឺកូវីដ-១៩ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។

នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវ គណៈប្រតិភូគណៈកម្មាធិការទី៧ នៃរដ្ឋសភា លោក អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្តបាត់ដំបង លោក ប្រធានមន្ទីរពាក់ព័ន្ធព្រមទាំងលោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡា ទាំង១៤ក្រុង ស្រុក មន្រ្ដីរាជការ និងអ្នកអមដំណើរគណៈប្រតិភូជាដើម ។

ក្នុងដំណើរទស្សនកិច្ច និងការជួបសំណេះសំណាលរបស់គណៈកម្មការទី៧នេះ ប្រព្រឹត្តទៅក្នុងគោលបំណង ដើម្បីស្វែងយល់បន្ថែមពីផលលំបាកបង្កដោយវិបត្តិកូវីដ១៩ លើគ្រឹះស្ថានសិក្សានៅតាមមូលដ្ឋានផ្ទាល់ និងពិនិត្យស្ថានភាពជាក់ស្តែងរបស់វិទ្យាល័យ ក្នុងការអនុវត្តដំណើរការបើកឡើងវិញក្នុងដំណាក់កាលទី២ ក៍ដូចជាស្តាប់នូវបញ្ហាប្រឈម និងសំណូមពរនានារបស់ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ មុនឈានដល់ការជួបប្រជុំជាមួយគណៈអភិបាលខេត្ត និងមន្ទីរអប់រំ នារសៀលនេះ ដើម្បីពិភាក្សាលើទិដ្ឋភាពជារួមនៃស្ថានភាពវិស័យអប់រំក្នុងក្របខណ្ឌខេត្តបាត់ដំបងផ្ទាល់ ។

យោងទៅតាមរបាយការណ៍របស់លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានមានប្រសាសន៍ថា ចាប់តាំងពីការផ្ទុះនូវជម្ងឺកូវីដ-១៩នេះមក ក្រសួងអប់រំ យុវជន និងកីឡា ក៏បានចេញគោលការណ៍ដល់មន្ទីរអប់រំទូទាំងប្រទេស អនុវត្តការបង្រៀន និងការសិក្សាពីចម្ងាយ តាមរយៈប្រព័ន្ធអេឡិចត្រូនិក សម្រាប់សិស្សានុសិស្សកម្រិតមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សាផងដែរ ។ ជាលទ្ធផលមន្ទីរអប់រំយុវជន និងកីឡាខេត្តបាត់ដំបង ក៏ចាប់ផ្ដើមអនុវត្តចាប់តាំងពីថ្ងៃប្រកាសរបស់ក្រសួងអប់រំ រហូតមកដល់បច្ចុប្បន្ន នូវការបង្រៀន និងសិក្សាពីចម្ងាយនេះ ព្រមទាំងអនុវត្តការសិក្សាបែបប្រពៃណី ដោយការផ្ដល់ជាឯកសារជំនួយដល់សិស្សានុសិស្ស និងការបង្រៀនផ្ទាល់លក្ខណៈសហគមន៍ខ្នាតតូច សម្រាប់សិស្សានុសិស្សណាដែលគ្មានលទ្ធភាព គ្មានប្រព័ន្ធអេឡិចត្រូនិកសម្រាប់ធ្វើការសិក្សាពីចម្ងាយនេះ ។

បច្ចុប្បន្នខេត្តបាត់ដំបង បានធ្វើការបើកឲ្យសាលារៀនថ្នាក់បឋមសិក្សា ថ្នាក់វិទ្យាល័យទី៩ និង១២ដំណាក់កាលទី២ ស្របទៅតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ទាំងសាលារដ្ឋ និងសាលាឯកជន ដោយគោរពតាមគោលការណ៍ប្រតិបត្តិស្ដង់ដាSOP ដោយរៀបចំបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាព សន្ដិសុខ សណ្ដាប់ធ្នាប់ និងការរក្សាគម្លាតសុវត្ថិភាពក្នុងគ្រឹះស្ថានសិក្សា ដើម្បីធានាឲ្យបានសុវត្ថិភាពសុខភាពសិស្សានុសិស្សអំឡុងពេលនៃការរីករាលដាលនូវជម្ងឺកូវីដ-១៩ ចំណែកឯការសិក្សាពីចម្ងាយក៏នៅតែបន្តអនុវត្តដដែរ។

ក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចសាសនា វប្បធម៌ និងទេសចរណ៍ បានកត់សម្គាល់ចំពោះការគិតគូរខ្ពស់របស់ថ្នាក់ដឹកនាំសាលាក្នុងការដាក់ចេញវិធានការជាដំណោះស្រាយរួមគ្នា តាមរយៈការរៀបចំជាផែនការសកម្មភាព និងបទបញ្ជាផ្ទៃក្នុងរបស់សាលាផ្ទាល់ សម្រាប់ការអនុវត្តគោលការណ៍ណែនាំនានាស្របតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ប្រតិភូគណៈកម្មការ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាដែលសម្រេចបានក្នុងខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត ជាពិសេសលើវិស័យអប់រំផ្ទាល់ តាមរយៈការផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះការសហការ និងគាំទ្រដល់មន្ទីរអប់រំ យុវជន និងកីឡា លើកិច្ចការជំរុញការផ្សព្វផ្សាយណែនាំអំពីគោលការណ៍ប្រតិបត្តិស្តង់ដាររបស់ក្រសួងអប់រំ និងការណែនាំរបស់ក្រសួងសុខភិបាល ដើម្បីធ្វើយ៉ាងណាចូលរួមធានាឱ្យបាននូវសុខសុវត្ថិភាពទាំងសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ក្នុងដំណាក់កាលទី២ នៃដំណើរការបើកសាលាឡើងវិញ។

ក្រោយស្តាប់របាយការណ៍ស្តីអំពីស្ថានភាពអប់រំទាំងក្នុងមូលដ្ឋានផ្ទាល់ និងក្នុងក្របខណ្ឌខេត្តបាត់ដំបង ពីលោកប្រធានមន្ទីរអប់រំ យុវជន នងកីឡាខេត្ត និងប្រធានការិយាល័យអប់រំស្រុក ក្រុង ប្រតិភូគណៈកម្មការទី៧ នៃរដ្ឋសភា បានកត់សម្គាល់ឃើញថាបទពិសោធន៍ និងបញ្ហាប្រឈមដែលខេត្តនីមួយៗ បាន និងកំពុងជួបប្រទះក្នុងការឆ្លើយតបទៅនឹងផលលំបាកបង្កដោយវិបត្តិកូវីដ១៩ ហាក់មិនមានភាពខុសប្លែកពីគ្នាខ្លាំងនោះទេ។ បញ្ហាដែលបានលើកឡើងរួមមាន កត្តាកម្រិតចំណេះដឹងផ្នែកបច្ចេកទេសព័ត៌មានវិទ្យារបស់លោកគ្រូអ្នកគ្រូ កត្តាមធ្យោបាយ និងឧបករណ៍បង្រៀនពីចម្ងាយមិនគ្រប់គ្រាន់ កត្តានៃការបង្រៀនតាមអនឡាញមិនដូចការបង្រៀនដោយផ្ទាល់ក្នុងសាលា ហើយនិងកត្តាការសហការរបស់អាណាព្យាបាល និងសិស្សានុសិស្សផ្ទាល់។

ពាក់ព័ន្ធនឹងការលើកឡើងអំពីកត្តាប្រឈមនានា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ បានមានប្រសាសន៍ថា៖ «ថ្វីបើបញ្ហាប្រឈមស្រដៀងគ្នា ប៉ុន្តែវិធានជាដំណោះស្រាយ គឺទាមទារឱ្យមានការគិតគូរ រៀបចំដោយឡែកៗពីគ្នា ប្រកបដោយភាពបត់បែនទៅតាមស្ថានភាព និងស្ថានការណ៍ជាក់លាក់ក្នុងមូលដ្ឋាននីមួយៗ។ រីឯការអនុវត្តវិញ គឺត្រូវការធ្វើជាជំហានៗ ដោយមានការថ្លឹងថ្លែងច្បាស់លាស់ពីភាពចាំបាច់ និងមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ»។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះសមូហភាព និងភាពច្នៃប្រឌិតខ្ពស់របស់លោកនាយកសាលា លោកប្រធានការិយាល័យ និងលោកប្រធានមន្ទីរ ក្នុងការដាក់ចេញជាយន្តការផ្សេងៗ ជាដំណោះស្រាយបន្តបន្ទាប់ ដើម្បីសម្រេចគោលដៅរួមមួយក្នុងការបង្កេីនប្រសិទ្ធភាពការផ្តល់ការអប់រំក្នុងបរិបទកូវីដ១៩៕

អត្ថបទទាក់ទង