រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត បានជម្រាបបងប្អូនអាជីវករ អាចចូលលក់ដូរនៅស្អែកបានជាធម្មតាវិញ បន្ទាប់ពីអគ្គិភ័យ បានឆាបឆេះកាលពីថ្ងៃទី៣០ ខែសីហា

  • 2.3ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ លោក ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯ,ឧ ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងកងកម្លាំងទាំងបី អាជ្ញាធរក្រុងក្រុមហ៊ុនប្រមូលសម្រាម រួមទាំងមន្រ្តីជំនាញ បានបន្តចុះត្រួតពិនិត្យ និងចាត់វិធានការរៀបចំកន្លែងលក់ដូ ក៏ដូចជាសណ្តាប់ធ្នាប់នានា ការធ្វើអនាម័យបរិស្ថាន និងបោសលាងសំអាត ក៏ដូចជាជួសជុលឡើងវិញ ដើម្បីជាដំណោះស្រាយជូនអុំ ពូមីង បងប្អូន ដែលជាអាជីវកររងគ្រោះ ដោយសារអគ្គិភ័យឆាប ឆេះផ្សារធំបាត់ដំបង កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ។

នៅក្នុងឱកាសនេះលោក ណុប ដារ៉ា បានជួបសំណេះសំណាលជាមួយនឹងអុំ ពូមីង បងប្អូនអាជិវករផ្សារណាត់បាត់ដំបងផងដែរ ដោយលោក បានចូលរួមនូវការសោកស្ដាយ និងបានអះអាងថា នឹងបើកឱ្យផ្សារនេះ ដំណើរការឡើងវិញនៅថ្ងៃស្អែកនេះហើយ នៅផ្នែកដែលមិនរងការឆាបឆេះ ។ ជាមួយនេះ លោក ក៏បាននាំនូវការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, សម្ដេចក្រឡាហោម ស ខេង ជូនដល់បងប្អូន អុំ ពូមីង នាឱកាសនេះផងដែរ។ លោក ថា ទោះបីថ្នាក់ដឹកនាំ មិនបាន អញ្ជើញមកផ្ទាល់ក៏ពិតមែន តែសម្ដេចបានចាត់ឱ្យក្រុមការងារចុះមកជួប និងដោះស្រាយ ជូនបងប្អូន អុំ ពូមីង ដែលជាអាជីវករផ្សារនេះ ។ ក្នុងឱកាសនេះ លោក ណុប ដារ៉ា បានជូនជាថវិកាដល់កម្លាំងទាំងអស់ ដែលបានចូលរួម ក្នុងការរៀបចំសណ្ដាប់ធ្នាប់ផ្សារនេះផងដែរ ។

សូមបញ្ជាក់ថា តូបលក់ដូរនៅផ្សារណាត់ ខេត្តបាត់ដំបងនេះ ចំនួន៣៣តូប ក្នុងចំណោម ៣៣៥តូប ត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុង ។ គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ភ្លាមៗថ្នាក់ដឹកនាំខេត្តបាត់ដំបង បានដឹកនាំសមត្ថកិច្ចចម្រុះ ចុះត្រួតពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ ចំណែករថយន្តពន្លត់អគ្គិភ័យចំនួន៧គ្រឿង ក្នុងនោះរថយន្តមកពីស្នងការនគរបាលខេត្តចំនួន ៣គ្រឿង, ស្រុកសង្កែ១គ្រឿង, ស្រុកថ្មគោល១គ្រឿង, ស្រុកឯកភ្នំ១គ្រឿង និងស្រុកបាណន់ ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៩ រថយន្តផងដែរ។

សូមបញ្ជាក់ថា ផ្សារណាត់ ឬផ្សារធំថ្មី នៃខេត្តបាត់ដំបងនេះ ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៩៣៧ ក្នុងរជ្ជកាលហ្លួងស៊ីសុវត្ថិមុនីវង្ស។ ក្រៅតែពីជាតំបន់ពាណិជ្ជកម្មមួយដ៏សំខាន់ផ្សារណាត់ ក៏ត្រូវបានគេចាត់ទុកថាជាសំណង់បេតិកភណ្ឌ ដ៏មានតម្លៃមួយនៃខេត្តបាត់ដំបងផងដែរ៕

អត្ថបទទាក់ទង