នៅព្រឹកថ្ងៃពុធ ១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងផ្សព្វផ្សាយអំវិធាការការពារជំងឺកូវីដ ១៩ នៅតំបន់ទេសចរណ៍ ឡូរីជើងភ្នំបាណន់ ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមអមដំណើរដោយ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ លោកអភិបាលស្រុកឯកភ្នំ លោកអភិបាលរងស្រុកសង្កែផងដែរ។
នៅក្នុងដំណើរចុះសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកលេងកំសាន្តក្នុងរមណីយដ្ឋានទេសចរណ៍ ឡូរីជើងភ្នំបាណន់នេះដែរ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានផ្សព្វផ្សាយពីវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងពេលថ្ងៃឈប់សម្រាកនេះផងដែរ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង មានប្រសាសន៍ថា នារយៈពេលថ្ងៃឈប់សម្រាកប៉ុន្មានថ្ងៃនេះ មានសភាពល្អប្រសើរ ដោយភ្ញៀវទេសចរណ៍បានដើរលេងកម្សាន្ត តាមរមណីយដ្ឋានមានសុវត្ថិភាពល្អ ពុំមានបញ្ហាអសន្តិសុខអ្វីនោះទេ ហើយបញ្ហាសុខសុវត្ថិភាពនេះ ក៏ជំរុញទៅមន្ទីរទេសចរណ៍ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តថែរក្សាជូនភ្ញៀវទេសចរណ៍ ឲ្យបានដើរលេងកម្សាន្តសប្បាយតទៅទៀត ។
សូមជម្រាបជូនដែរថា ភ្ញៀវទេសចរណ៍ជាច្រើនកុះករ ទៅលេងកម្សាន្តតាមរមណីយដ្ឋានខេត្តបាត់ដំបង ក្នុងឱកាសថ្ងៃឈប់សម្រាកទោះបីជាអាជ្ញាធរខេត្តមិនបានរៀបចំការតុបតែងលម្អទីក្រុង ឬតាមទីកន្លែងនានាដូចថ្ងៃឈប់សម្រាក នៃពិធីបុណ្យធំៗប្រពៃណីជាតិ ឬប្រពៃណីសាសនាក៏ដោយ ក៏ប៉ុន្តែក្នុងថ្ងៃឈប់សម្រាក់ជំនួសបុណ្យចូលឆ្នាំខ្មែរ រយៈពេលប៉ុន្មានថ្ងៃនេះ មានភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករ បាននាំគ្នាទៅលេងកម្សាន្តនៅតាមរមណីយដ្ឋាន ក្នុងខេត្តបាត់ដំបង និងរហូតដល់មានការស្ទះចរាចរណ៍យានយន្តធ្វើដំណើរនៅតាមដល់ផ្លូវ ទៅកាន់រមណីយដ្ឋានមួយចំនួនផងដែរ ។
គូសបញ្ជាក់ផងដែរថា ដោយទីកន្លែងទេសចរណ៍ពេញនិយម ក្នុងពេលឈប់សម្រាកនេះ មានដូចជាប្រាសាទបាណន់ ការជិះឡូរីនៅជើងភ្នំបាណន់ សួនផ្ទះផ្កា ភ្នំសំពៅ ការទស្សនាល្អាងភ្នំសំពៅ អាងកំពីងពួយ ប្រាសាទឯកភ្នំ ទឹកធ្លាក់ចម្ការស្វាយ ទឹកធ្លាក់អូរជាំ រួមទាំងរមណីយដ្ឋានជាច្រើនកន្លែងទៀត ។
ភ្ញៀវទេសចរណ៍មកលេងកម្សាន្តនៅក្នុងខេត្តបាត់ដំបង ពួកគេមានភាពសប្បាយរីករាយយ៉ាងខ្លាំង ព្រោះនៅបាត់ដំបងមានទេសភាពស្អាតៗ កន្លែងដើរលេងមានច្រើន ពិសេសរដូវកាលនេះ សម្រស់ធម្មជាតិមានភាពស្រស់បំព្រងល្អគ្រប់ទីកន្លែង៕