នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហាឆ្នាំ២០២០ លោក ឆាយ ម៉ាទីណាល់ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពីគ្រោះយោបល់របស់ក្រុមការងារបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាត និង អនាម័យជនបទ ប្រចាំឆមាសទី១ ឆ្នាំ២០២០ របស់ខេត្តបាត់ដំបង នៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្ត នៅក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក លោកស្រី អភិបាលរង ក្រុង ស្រុក អង្គការដៃគូរអភិវឌ្ឍ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ឆាយ ម៉ាទីណាល់ បានថ្លែងក្រើនរំលឹកនិងជម្រុញទៅដល់អាជ្ញាធរស្រុក ក្រុងនិងបណ្តាមន្ទីរវិស័យជំនាញព្រមទាំងបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធដែចូលរួម ជាពិសេសអង្គការដៃគូអភិវឌ្ឍទាំងអស់ សូមបន្តផ្តល់ការគាំទ្រនូវផែនការយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់ទឹកស្អាត និង អនាម័យជនបទ នៅតាមបណ្តាស្រុក-ក្រុង ខេត្តបាត់ដំបងដើម្បីធ្វើឲ្យសម្រេចបាន៩០% នៅក្មុងឆ្នាំ២០២៣ និងសម្រេចជោគជ័យ១០០%នៅឆ្នាំ២០២៥ ខាងមុខ។
លោកអភិបាលរងខេត្ត បានកោតសរសើរ និងធ្វើការវាយតម្លៃខ្ពស់ពីសមិទ្ធកម្ម និងលទ្ធផលការងារដែលសម្រេចបានកន្លងមក។ ក្នុងនោះ លោក ក៏បានធ្វើការដាស់តឿនដល់អាជ្ញាធរស្រុកក្រុង និងឃុំសង្កាត់ទាំងអស់ ត្រូវគិតគូរពិចារណាឡើងវិញក្នុងការប៉ាន់ ប្រមាណនូវកញ្ចប់ថវិកាឃុំសង្កាត់របស់ខ្លួន ដើម្បីរៀបចំផែនការប្រើប្រាស់ថវិទាំងនោះ ឲ្យបានសមស្របនិងឆ្លើយតបពីតម្រូវការសង្គមក្នុងមូលដ្ឋានខ្លួនជាពិសេសជម្រុញនូវផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ ដោយធ្វើយ៉ាងណាឲ្យសម្រេចបាននូវការប្រើប្រាស់បង្គន់អនាម័យនៅតាមជនបទក្នុងមូលដ្ឋានខ្លួន និងការផ្គត់ផ្គង់ទឹកស្អាតនិងប្រើប្រាស់ក្នុងមូល
ដ្ឋានស្រុក-ក្រុង ឃុំ-សង្កាត់របស់ខ្លួន ដើម្បីឆ្លើយតបនិងធ្វើឲ្យសម្រេចបានជោគជ័យនូវផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលកំណត់ខាងលើឲ្យបាន៩០%នៅឆ្នាំ២០២៣ និង ១០០% នៅឆ្នាំ
២០២៥ ខាងមុខ។
លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់បង្ហាញពីសមិទ្ធកម្មនិងលទ្ធផលការងារដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២០ កន្លងមកនេះ ខេត្តបាត់ដំបងមានភូមិចំនួន៨០០ភូមិ, មាន១០២ឃុំ-សង្កាត់, ស្រុក១៣និងក្រុង១ ហើយភូមិដែលបានសម្រេចបានមានចំនួន១៤៦ភូមិ /លើ៨ឃុំ និងឈានដល់៩ឃុំនៅពេលខាងមុខសម្រាប់អត្រាអនាម័យនៅក្នុងខេត្តទាំងមូល និងមានការប្រែប្រួលនូវអត្រា៧៥% គិតត្រឹមឆមាសទី១ ឆ្នាំ២០២០និង អត្រាប្រើប្រាស់ទឹក ៦៩% នៅក្នុងខេត្ត។
លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមទៀតថា តាមរយៈសមិទ្ធកម្ម និងលទ្ធផលការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង ខាងលើនេះលោកក៏ បានសម្តែងនូវការអរគុណចំពោះអង្គការជាតិ និងអន្តរជាតិ និង បណ្តាអង្គការដៃគូរអភិវឌ្ឍន៍ទាំងអស់ ដែលតែងបានគាំទ្រ និងបន្តនូវកិច្ចគាំពារនិងកិច្ចសហប្រតិបត្តិការល្អរួមនិងអាជ្ញាធរគ្រប់ថ្នាក់នៅមូលដ្ឋាន ដែលបានជួយជ្រោមជ្រែង និងធ្វើឲ្យមន្ទីរសម្រេចបាននូវផែនការកន្លងមកនិងដើម្បីឆ្ពោះទៅសម្រេចបាននូវផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នៅឆ្នាំ២០២៣ខាងមុខឲ្យបាន៩០%និងឆ្នាំ២០២៥សម្រេច១០០%។
សូមជម្រាបជូនដែរថា កិច្ចប្រជុំនេះបានផ្តោតនូវគោលបំណងសំខាន់ៗ ដើម្បីធ្វើការត្រួតពិនិត្យមើលពីការអនុវត្តនិងការទទួលខុសត្រូវការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទរបស់ខេត្តសម្រាប់ឆមាសទី១ ឆ្នាំ២០២០។ ទី២. គឺដើម្បីធ្វើការចែករំលែកនូវបទពិសោធន៍នូវទស្សនទាន និងពិគ្រោះយោបល់ស្តីពីការងារផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទរបស់ខេត្ត សំដៅធ្វើឲ្យសម្រេចបាន នូវ ផែនការជាយុទ្ធសាស្ត្រថ្នាក់ជាតិក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្គត់ផ្គង់ទឹកស្អាត និង អនាម័យជនបទ នៅឆ្នាំ២០២៣ឱ្យ បាន៩០%និងនៅឆ្នាំ២០២៥ សម្រេចឲ្យបាន១០០%៕